កណ្តាល ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកណ្តាល បានរកឃើញសិប្បកម្មផលិតពពុះសណ្តែកចំនួន ២ទីតាំង មានដាក់សារធាតុគីមី។ សិប្បកម្មផលិតពពុះសណ្តែកទាំង ២ទីតាំងនោះ មាននៅភូមិកោះតូច និងភូមិក្បាលកោះ ស្ថិតក្នុងឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមលទ្ធផលវិភាគ សិប្បកម្មផលិតពពុះសណ្តែកទាំង ២ទីតាំងខាងលើ មានដាក់សារធាតុគីមី បូរ៉ាក់ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស) ហើយមន្ត្រីជំនាញបានដកហូតទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីដុតកម្ទេចចោល និងធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតពពុះសណ្តែកទាំង ២ ជាបណ្តោះអាសន្ន។ បូរ៉ាក់ (Borax) ជាសារធាតុគីមីម្យ៉ាង ដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះ សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុសម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែត្រូវបានហាមឃាត់មិនឲ្យប្រើលើចំណីអាហារឡើយ ព្រោះប៉ះពាល់ដល់សុខភាព។
លោក ចាន់ សេដ្ឋា អតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្នែកគីមីចំណីអាហារ បានឲ្យដឹងថា សារធាតុបូរ៉ាក់គេប្រើក្នុងមុខងារជាសាប៊ូសម្អាតសម្លៀកបំពាក់ ព្រោះបូរ៉ាក់មិនមានផ្ទុកសារធាតុ ផ្វស្វាត និងក្លរ ដូចនេះវាជាភ្នាក់ងារលាងជម្រះយ៉ាងមានប្រសិទ្ធភាព និងធ្វើឲ្យសម្លៀកបំពាក់ទន់ក្រោយពេលសម្អាត។ មួយវិញទៀតសារធាតុបូរ៉ាក់ក៏ត្រូវប្រើក្នុងគ្រឿងសម្អាង ជាគ្រឿងផ្សំរបស់ឡេលាបខ្លួន សាប៊ូដុសខ្លួនជាដើម ព្រោះវាមានមុខងារ ការពារ ឬលាងសម្អាតជាតិខ្លាញ់។ ចំណែកនៅក្នុងថ្នាំសម្លាប់សត្វល្អិតក៏មានដែរ ហើយមានប្រសិទ្ធភាពក្នុងការសម្លាប់សត្វ ស្រមោច កន្លាត និងសត្វល្អិតផ្សេងៗទៀត។
អតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្នែកគីមីចំណីអាហារ បន្តទៀតថា ការប៉ះពាល់សារធាតុបូរ៉ាក់អាចបង្កឲ្យមានជំងឺ របកស្បែក ប្រគ្រីវកាច់ ខ្សោយតម្រងនោមដែលអាចនាំឲ្យខូចតម្រងនោមធ្ងន់ធ្ងរ ឈឺសន្លាក់ និងឆ្អឹង ប៉ះពាល់ដល់ប្រព័ន្ធក្រពះ ពោះវៀន ចង្វាក់ដង្ហើមថយចុះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង ខូចថ្លើម និងប្រព័ន្ធប្រសាទ។ ការបរិភោគអាហារដែលមានផ្ទុកសារធាតុបូរ៉ាក់ត្រឹមតែ ១៥-២០ ក្រាម អាចសម្លាប់មនុស្សពេញវ័យបាន ហើយចំពោះកុមារ គឺត្រឹមតែ ៥ ក្រាមប៉ុណ្ណោះ។ ដូចនេះសារធាតុបូរ៉ាក់ត្រូវតែរក្សាឲ្យឆ្ងាយពីគ្រឿងបរិភោគ៕