ចុះ​ជញ្ជាត់​ត្រី​ក្រឹម​ក្នុង​ស្រះ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​២​នាក់

កំពត​ ៖ មានការ​ភ្ញាក់ផ្អើល​កើតឡើង​ខណៈ​មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​ឆក់ អំឡុងពេល​ចុះទៅ​ជញ្ជាត់​ត្រី​ក្រឹម​ក្នុង​ស្រះ ដែលមាន​រាយ​ខ្សែភ្លើង​ក្នុង​ទឹក ដោយហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច​ស្រះ​ទឹក​មួយកន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ដូចខាងលើ មាន​បុរស​៣​នាក់ យក​ឈ្នាង​ទៅរក​ជញ្ជាត់​ត្រី​ក្រឹម​ក្នុង​ស្រះ​ទឹក​ខាងលើ ប៉ុន្តែ​ពេល​ខ្សែភ្លើង​ឆក់​គឺ​ស្លាប់​តែ​២​នាក់ ឯ​ម្នាក់​រួចខ្លួន ហើយ​ករណី​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ ដោយសារ​ក្នុង​ទឹកស្រះ​មាន​គេ​រាយ​ខ្សែភ្លើង​ដាក់​ចោល​នៅ​ទីនោះ​ដោយ​អ្នក​ចុះ​ទឹកស្រះ​មិនបាន​ដឹង ទើប​ធ្វើ​ឲ្យ​មាន​រឿងរ៉ាវ​ដ៏​រន្ធត់​កើតឡើង​តែម្តង​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នោះ ទី​១-​ឈ្មោះ ទុំ ធារ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​,​ទី​២-​ឈ្មោះ បៀ ថៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​លក​(​ផ្សារ​ក្រោម​) ឃុំ​ឫស្សី​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ដោយឡែក​បុរស​ម្នាក់​ដែល​បាន​រួចផុតជីវិត ឈ្មោះ ប្រេង លិ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​លក ឃុំ​ឫស្សី​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ក្រោយពី​ជំនាញ​ធ្វើ​កោសល្យវិច័យ​រួចរាល់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​គួរកត់សម្គាល់​ដែរ​ថា ចំណុច​ដែលមាន​ដាក់​រាយ​ខ្សែភ្លើង​ក្នុង​ស្រះ​ទឹក​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់​ខាងលើ កន្លង​មកជា​កន្លែង​ដាក់​ស្តុក​ជ្រូក​សម្រាប់​នាំ​ចេញទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ រាតត្បាត​ត្រូវបាន​ផ្អាក​ដំណើរការ ហើយ​ទីតាំង​នេះ​ត្រូវ​ម្ចាស់​គេ​ទុកចោល​ដោយ​គ្មាន​អ្នកណា​មើល​ការខុសត្រូវ​ឡើយ លុះ​មាន​អ្នកភូមិ​ចុះ​ទឹកស្រះ​ស្រាប់តែ​កើតមាន​រឿងរ៉ាវ​ដ៏​រន្ធត់​តែម្តង​។​ចំពោះ​ករណី​ដែល​ម្ចាស់​ទីតាំង​បានដាក់​រាយ​ខ្សែភ្លើង​ក្នុង​ទឹក​បែបនេះ​គេ​មិនទាន់​ដឹងថា អាចពាក់ព័ន្ធ​នឹង​បទល្មើស​យ៉ាងណា​នោះទេ​៕ សេង ណា​រិ​ទ្ធ​