នាយ កុយ ស្ថិតក្នុង​ចំណោម​មនុស្ស​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ មុនគេ​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ ​៖ តារា​កំប្លែង​ជើងចាស់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជួង ជី ហៅ​នាយ កុយ រំភើបចិត្ត​ស្ទើរ​ហោះ ក្រោយ​ឃើញ​សារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចូលទៅ​ខ​មិន​ក្នុង​ការផ្សាយ​ផ្ទាល់ កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ កាល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ថា​«​លោក​កុយ គួរ​ទទួល​វ៉ាក់សាំង​មុនគេ ក្នុងចំណោម​អ្នកទទួល​មុន ។ ទទួលបាន​វ៉ាក់សាំង​នឹងមាន​ហាងឆេង​ខ្ពស់​» ។​

​ក្រោយពី​បានឃើញ​សារ​សម្តេច​តេ​ជោ បែបនេះ នាយ កុយ ក៏បាន​បង្ហោះ​សារ​មួយ​នៅ​ព្រឹក​ថ្ងៃទី​១៦ មករា ២០២១​នេះ ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា «​ថ្ងៃនេះ​ខ្ញុំ​សប្បាយចិត្ត សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា បានទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​មួយ​លាន​ដូ​ស ហើយ​លោក​មានប្រសាសន៍ថា លោ កុយ គួរ ទទួល​វ៉ាក់សាំង​មុនគេ ក្នុងចំណោម​អ្នកទទួល​មុន ។ ទទួល​វ៉ាក់សាំង​បាន និង​មាន​ហាងឆេង​ខ្ពស់ ខ្ញុំបាទ សូម​ថ្លែង​អំណរ​អរគុណ ចំពោះ​សម្ដេច ដែល​លោក បានផ្ដល់​កិត្តិយស ឲ្យ​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​មុនគេ ខ្ញុំបាទ​សូម​ជូនពរ​សម្ដេច​ទាំង​ទ្វេ ព្រមទាំង​កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឲ្យ​ជួបតែ​សេ​ច្តី​សុខ កុំ​ឲ្យ​មាន​ជម្ងឺរ​បៀតបៀន ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​បាន​រុងរឿង​បន្តទៀត អរគុណ​សន្តិភាព​»។

សូមជម្រាបថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅ​យប់​ថ្ងៃទី​១៥ ខែមករា​នេះ​ថា ប្រទេស​ចិន បានសម្រេច​ផ្តល់​ឲ្យ​កម្ពុជា​នូវ​វ៉ាក់សាំង​កូ​វីដ​១៩ ចំនួន ១​លាន​ដូ​ស សម្រាប់​ចាក់​ឲ្យ​ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ ចំនួន ៥០​ម៉ឺន​នាក់ ។ អ្នក ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចិន​មុនគេ គឺ​អ្នក​នៅ​ជុំវិញ​សម្តេច​ផ្ទាល់ ជុំវិញ​ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​ប្រធានរដ្ឋសភា ជាដើម ។​

​បន្ទាប់មក សម្តេច​ថា ខ្សែត្រៀម​ជួរមុខ គឺ​ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំង​គ្រប់​ប្រភេទ មន្ត្រី​យុត្តិធម៌ អ្នក​បោសសម្អាត គ្រូបង្រៀន អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី និង​អ្នករត់​តាក់ស៊ី នឹងត្រូវ​ទទួលបាន​វ៉ាក់សាំង ដោយ​ឥតគិតថ្លៃ និង​ដោយ​ស្ម័គ្រចិត្ត៕​