ភ្នំពេញ ៖ រហូតមកដល់ពេលនេះមានសាលារៀនចំនួន៦៧ហើយត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កពិសេសសាលារៀននៅតាមបណ្តាខេត្តជាប់ព្រំដែនដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបងដោយសារពលករខ្មែរមកពីថៃមានចំនួនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាអំពីវិធានការសម្រាប់គ្រឹះស្ថានសិក្សា ដែលត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កឲ្យដឹងថា ដោយសារចំនួនពលករមកពីថៃច្រើនតម្រូវឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនយកសាលារៀនមួយចំនួនធ្វើជាមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
លោករដ្ឋមន្ត្រីបានបន្តថា រហូតមកដល់ពេលនេះមានសាលាចំនួន៦៧ហើយដែលក្រសួងអប់រំបានប្រគល់ឲ្យក្រសួងសុខាភិបាលសម្រាប់ធ្វើចត្តាឡីស័ក ដែលភាគច្រើននៅខេត្តជាប់ព្រំដែនដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំនោះបានលើកឡើងអំពីវិធានការមួយចំនួន សម្រាប់គ្រឹះស្ថានសិក្សា ដែលត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កដូចជា១.ការពិនិត្យនិងប្រមូលផ្តុំគ្រឹះស្ថានសិក្សាជាមណ្ឌលចត្តាឡីស័ក ដើម្បីផ្តល់លទ្ធភាពឱ្យសិស្សបានចូលរៀន។ ២.ខេត្តដែលរងផលប៉ះពាល់ត្រូវសិក្សានិងលើកសំណើជូនក្រសួងអប់រំ យុវជន និងកីឡាពិនិត្យដោះស្រាយ។ ៣.ក្រសួងនឹងចុះរៀបចំបណ្ណាល័យឌីជីថល ឬមជ្ឈមណ្ឌលឌីជីថល នៅតាមគ្រឹះស្ថានសិក្សាដែលមានសក្តានុពល ដូចជា វិទ្យាល័យធនធាន វិទ្យាល័យដែលមានបរិស្ថានស្អាត ៤.ក្រសួងនឹងផ្តល់សៀវភៅសរសេរ សៀវភៅសិក្សាគោល បរិក្ខារអនាម័យ ឧបករណ៍អេឡិចត្រូនិក ថាសទូរទស្សន៍ ឯកសារនិងមេរៀនឌីជីថល ឯកសារមេរៀនផ្សេងទៀត ដល់គ្រឹះស្ថានសិក្សាមួយចំនួនជាមួយគ្នានេះ។
លោករដ្ឋមន្ត្រីបានស្នើឲ្យគណៈអភិបាលខេត្ត ក្រុង ស្រុក ឃុំ ភូមិ ជួយចាត់វិធានការបន្ថែមក្នុងការគ្រប់គ្រង និងតាមដានជនចំណូលស្រុកផងដែរ៕