សាហាវ​ណាស់ជាងប៉ុលពតទៀត​! អ្នកជិតខាង​គ្នា​សោះ ជំពាក់​លុយ​សង​សល់​តែ៥០​ ម៉ឺន​រៀល​រឹបអូស​យក​ដី​និង​ផ្ទះសម្បែង​

លោក​យាយ លោក​​តា​២នាក់​​ ត្រូវ​បង្ខំ​ចិត្ត ​រស់នៅ​ក្រោម​ដើម​ខ្នុរ​ដី​អ្នកស្រុក​ ស្ថិត​ក្នុង​ភូមិ​សៀត​លើ ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត​ ​ក្រោយ​ពី​ជំពាក់​លុយ​អ្នក​ជិត​ខាង​ សង​អស់​សល់​តែ​៥០​ម៉ឺន​រៀល ​ត្រូវ​គេ​រឹបអូស​យក​ដី ​និង​ផ្ទះសម្បែង​នោះ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ពួកគាត់​ទាំង​២នាក់ ​ជួប​ការ​លំបាក ​ជំពាក់​លុយ​អ្នក​នៅ​ជិត​គ្នា​ចំនួន៨ពាន់​ដុល្លារ​ ហើយ​គាត់​ បាន​សង​លុយ​អស់ហើយ​នៅសល់​ចំនួន៥០​ ម៉ឺន​រៀល​​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយសារ​រក​អី​ពុំបាន ​ចំនួន​បី​ខែ​បន្ទាប់មក ​ខាង​ម្ចាស់​ដែល​ឱ្យ​គាត់​ខ្ចី​លុយ​នោះ ​គិត​ចុះ​គិត​ឡើង​ឡើង​ដល់ 60 លាន​រៀល។

ដោយហេតុ​ថា​ជួប​រឿង​​អយុត្តិធម៌​បែបនេះ​ហើយ ​ទើប​ពួកគាត់​ទាំង​២​នាក់ ​​បាន​ពឹង​ឱ្យ​​​​​​​អ្នកសារព័ត៌មាន​ជួយ​ផ្ដល់​ដំណឹង​​ រឿង​អយុត្តិធម៌​នេះ ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​​​ ​​ដើម្បី​សម្ដេច​ជួយ​ដល់​លោក​ទាំងពីរ​ផង​ ព្រោះ​គេ​បាន​ដេញ​គាត់​ចេញពីផ្ទះ​អស់ហើយ​ហើយ​គាត់​ពុំមាន​លទ្ធភាព​តតាំង​ជាមួយ​នឹង​គេ​ទេ។ សព្វថ្ងៃ ពួក​គាត់​គ្មាន​ទីលំនៅ​ទេ​ ដោយ​កំពុង​​​រស់នៅ​ក្រោម​ដើម​ខ្នុរ​ផ្ទះ​អ្នកជិតខាង​ដែល​គេ​អនុញ្ញាត​ឲ្យ​នៅ៕
ដោយ​ទេស សុវណ្ណ​