ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ ខណ្ឌទួលគោកជួយចុះពិនិត្យ និង បង្ក្រាបល្បែងស៊ីសងហ្គេមណេត ក្នុងសង្កាត់បឹងកក់ទី១នេះផង!

ភ្នំពេញ ៖ ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ ខណ្ឌទួលគោក ជួយបង្ក្រាបល្បែងស៊ីសង ទីតាំងហ្គេមណេត មួយកន្លែងដែលស្ថិតនៅផ្ទះ2G ផ្លូវ528 ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកំពុងបើកដំណើរការយ៉ាងរលូន មិនថាថ្ងៃ ឬក៏យប់នោះទេ តែងមានភ្ញៀវចូលលេងជាហូរហែ។

ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងទឹកដីសង្កាត់បឹងកក់ទី១នេះ បច្ចុប្បន្នគេសង្កេតឃើញមានល្បែងស៊ីសងហ្គេមណេត រីកដុះដាល ដោយមិនខ្លាចញញើតពីចំណាត់ការរបស់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។

ពួកគាត់បន្តថា ព្រោះតែមានល្បែងស៊ីសងទាំងនេះហើយទើបធ្វើឲ្យអ្នកញៀនល្បែង នាំគ្នាទៅលេងដាក់លុយ ហើយពេលចាញ់អស់យកម៉ូតូ និងសម្ភារមួយចំនួនទៅលក់ ទៅបញ្ចាំថែមទៀតផង។
ហើយអ្នកខ្លះទៅដល់ផ្ទះវិញក៏កើតជាអំពើហិង្សារក្នុងគ្រួសារដែលធ្វើឲ្យក្រុមគ្រួសារ ប្រពន្ធកូនជួបនូវបញ្ហាដែលពិបាកនឹងទទួលយកនូវទង្វើរបស់កូន ឬ ប្តីដែលនាំគ្នាទៅលេងល្បែងស៊ីសងទាំងនោះ។

ហើយអ្វីដែលសំខាន់ទៀតនោះកន្លងមកគេសង្កេតឃើញថា បទល្មើសចោរកម្មក៏កើតមានគួឲ្យគត់សម្គាល់ផងដែរ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។

ដូច្នេះហើយពលរដ្ឋបានធ្វើការសំណូមពរដល់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក និង លោក សុខ ហេង អធិការខណ្ឌទួលគោក មេត្តាជួយមានវិធានការណ៍ក្នុងការបង្ក្រាបបនល្បែងស៊ីសងទាំងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ ធ្លាប់បានប្រជុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ ត្រូវតែបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែផ្ទុយទៅវិញគេសង្កេតឃើញថា ល្បែងស៊ីសង ហ្គេមណេត ក្នុងសង្កាត់បឹងកក់ទី១ គឺកំពុងបើកដំណើរការយ៉ាងរលូនដោយមិនមានការបង្ក្រាបទាល់តែសោះ។

សូមរំលឹកផងដែរថាកន្លងមក លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បានប្រាប់មក អង្គភាពសារព័ត៌មាន យើងថាអោយតែទីតាំងណាមានបង្កប់ល្បែងស៊ីសងខុសច្បាប់ សូមរាយការណ៍មកលោក លោកនឹងចាត់កម្លាំងចុះបង្ក្រាប។

ប្រជាពលរដ្ឋសង្ឃឹមជឿជាក់ថា ក្រោយពីអាជ្ញាធរខណ្ឌទួលគោកទទួលដំណឹងនេះហើយ លោកនឹងចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមណេត ក្នុងសង្កាត់បឹងកក់ទី១នេះជាក់ជាមិនខានឡើយ ៕