អាជ្ញាធរចុះពិនិត្យបច្ចេកទេសទប់ស្កាត់ការបាក់ច្រាំងទន្លេក្នុងស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង មន្រ្តីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ២៩ ខែកក្កដា ឆ្នាំ២០១៩ នេះ បានអញ្ជើញចុះពិនិត្យ បច្ចេកទេសទប់ស្កាត់បណ្ដោះអាសន្នចំពោះការបាក់ច្រាំងទន្លេ មេគង្គ ស្ថិតនៅក្នុងឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមអាជ្ញាធរខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីរដូវទឹកសម្រកទន្លេមេគង្គឆ្នាំ២០១៨កន្លងទៅ ច្រាំងទន្លេ នៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ក្នុងឃុំកោះស្លា ស្រុកស្ទឹងត្រង់ខេត្ត ពិសេសនៅចំណុចមុខសាលា បឋមសិក្សាព្រះអណ្តូង ទទួលរងនូវការបាក់ស្រុតជាបន្តបន្ទាប់ ដែលបណ្តាលឱ្យផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ ម៉ែត្រ ប្រឈមនឹងការបាក់ស្រុតដែលអាចនាំឱ្យកាត់ផ្តាច់ចរាចរណ៍ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកព្រែក ប្រសព្វ ខេត្តក្រចេះ ហើយដោយសាររដ្ឋបាលខេត្តពុំមានបច្ចេកទេស និងថវិកាគ្រប់គ្រាន់ក្នុងការសិក្សាលក្ខណៈ បច្ចេកទេស ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំងទន្លេដែលនឹងឈានដល់ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាង លើ ពិសេសនៅមុនរដូវទឹកឡើង ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តបានសុំកិច្ចអន្តរាគមន៍ដល់ក្រសួងធនធានទឹក និង ឧតុនិយម ក្នុងការចុះសិក្សាលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបាក់ស្រុតផ្លូវខេត្តលេខ២២៣ នៅត្រង់ចំណុច ប៉ះពាល់ខាងលើឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា បន្ទាប់ពីបានទទួលសំណើពី អាជ្ញាធរ ខេត្តកំពង់ចាម ឯកឧត្តមរដ្ឋមន្រ្តីបានបង្កើតក្រុមការងារចុះពិនិត្យ និងសិក្សានៅទីតាំងខាងលើ និងបានណែនាំលើវិធានការចំពោះមុខបន្ទាន់បណ្តោះអាសន្ន គឺត្រូវធ្វើច្រាំងការពារប្រវែង១០០០ម នៅក្នុងឆ្នាំនេះ ដោយក្នុងនោះនៅទីតាំង៖
– ទី១ ៖ នៅភូមិក្រៅ ឃុំពាមកោះស្នា ស្រុក ស្ទឹងត្រង់ ប្រវែង ៥០០ម
– ទី២៖ នៅភូមិព្រះអណ្តូងទី២ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ២០០ម និង
– ទី៣ ៖ នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ៣០០ម ។ ដោយ ការងារនេះ បាននឹងកំពុងអនុវត្តចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា មកម្ល៉េះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនៃការបាក់ច្រាំងនៅទីតាំងខាងលើ ឲ្យបានប្រសើរ ក៏ដូចជានៅទីតាំងប្រឈមផ្សេងៗទៀតនាពេលចំពោះមុខ ដោយនឹងសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយនូវហានីភ័យនៃការបាក់ច្រាំងដែលអាចបង្កនូវការខូតខាតដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងនាពេលខាងមុខនៅមូលដ្ឋានដែលមានភាពប្រឈមនឹងការបាក់ច្រាំង ៕