កម្ពុជា-បេឡារុស ជួបពិភាក្សាពីការបង្កើនវិស័យពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ ៖​ រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងមោទនភាព និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស ថាបានដើរតួនាទីយ៉ាងសំខាន់ ដល់ការធ្វើពិពិធកម្មឱកាសការងារ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ​។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីភាពជាមួយ លោក ជេនណាឌី ស្វេឌ័រស្គី (Gennady Svidersky) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងឧស្សាហកម្មបេឡារុស ក្នុងពិធីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និងបេឡារុស ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងសណ្ឋាគារសុខាសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចប្រឹងប្រែងសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាល ដែលបង្កើតបានជាកាលានុវត្តភាពសម្រាប់វិនិយោគិនបេឡារុស តួយ៉ាងករណីជោគជ័យរបស់ក្រុមហ៊ុនផលិតត្រាក់ទ័រ «បេឡារុស-មេគង្គ» ដែលចាប់ផ្តើមពីទុន ៤លានដុល្លារ និងបានកំពុងចែកចាយត្រាក់ទ័រគុណភាពខ្ពស់នៅលើទីផ្សារ និងផ្តល់ការងារជូនពលករខ្មែរជាច្រើននាក់។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តពិភាក្សាគ្នាលើវិស័យកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទេសចរណ៍ អប់រំ និងវិស័យផ្សេងទៀត ដោយប្រើប្រាស់ជំនាញ និងបទពិសោធន៍ ដើម្បីបង្កើតផែនការសកម្មភាពថ្មីមួយ ដែលមានកំណត់បញ្ហាប្រឈមដែលត្រូវដោះស្រាយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជេនណាឌី ស្វេឌ័រស្គី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបេឡារុស ក្នុងការបន្តជំរុញវិនិយោគ មកកាន់ប្រទេសកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្ម សុខាភិបាល និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើតឱកាសសម្រាប់ប្រជាជន និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាល។

បន្ថែមលើនេះ លោកអនុរដ្ឋមន្ត្រីបេឡារុស ក៏បានសន្យាជួយជំរុញការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយបញ្ហាគម្លាតជំនាញ និងគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្មធុនស្រាល និងធុនធ្ងន់ នៅក្នុងប្រទេសកម្ពុជាថែមទៀត។

សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារ នៅក្រោមក្របខណ្ឌនៃកិច្ចព្រមពៀងឆ្នាំ២០១៤ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា សំដៅបង្កើនទំហំពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស ឱ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទូលាយ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការលើកទី២ បានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស ៕