រដ្ឋបាល​ខណ្ឌ​ដូនពេញ ចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ ដែល​ឈរ​នៅ​តាម​របង និង​ក្រោម​ដើមឈើ រួម​ទាំង​អ្នក​អ្នក​ចាប់​ម៉ូយ​

ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ នៅ​យប់ ថ្ងៃ​ច័ន្ទ ៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០​នាទី​យប់ លោក យស យុ​ទ្ធី អភិបាលរង ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ បើក​ប្រតិបត្តិ​ការចុះ​ប្រមូល​ស្ត្រី រកស៊ី​ផ្លូវភេទ រួមទាំង​អ្នក​គក​ជេរ​(​អ្នក​ចាប់​ម៉ូយ​) នៅ ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ និង សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ។

ជា​លទ្ធផល នៃ​ការបង្ក្រាប​នេះ កម្លាំង​ប្រជា​ការពារ​ខណ្ឌ បានធ្វើការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​រួមទាំង​អ្នក​គួ​ក​ជេរ​(​អ្នក​ចាប់​ម៉ូយ​)​សរុប​ចំនួន​១៣​នាក់​(​ស្រី​១១​នាក់​) បញ្ជូនមក​សាលាខណ្ឌ​ដូនពេញ ដើម្បី​រៀបចំ​ឯកសារ បញ្ជូន​បន្តទៅ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ៕ដោយ​ទេស សុវណ្ណ​