ភ្នំពេញ ៖ បុរសពីរនាក់បានដាច់ជើងស្តាំម្នាក់ម្ខាងនិងម្នាក់ទៀតរង របួស ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាតាមផ្លូវសុខៗក៏ស្រាប់តែមានរថយន្ត ដឹកឥដ្ឋមកពីក្រោយបុកពេញទំហឹងអូសប្រហែល៣០ម៉ែត្រ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ត្រង់ចំណុចមុខរោងចក្របោះពុម្ព ឈុន ឌីង ព្រីងធីង ខូអិលធីឌី ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង៣នាក់ទី១ មានឈ្មោះ លុច្យ ភេទប្រុស អាយុជាង៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់រងរបួសដាច់ជើង ស្តាំជនរងគ្រោះទី២មានឈ្មោះ ត្រា ភេទប្រុស អាយុ៣០ជាង ជនជាតិខ្មែរ មុខរបរជាងសំណង់ រងរបួសដាច់ជើងស្តាំដូចគ្នា។ ជនរងគ្រោះទី៣មានឈ្មោះ បុប្ផា ភេទប្រុស មុខរបរជាងសំណង់រងរបួសស្រាល អ្នកទាំង៣ស្នាក់នៅភូមិកំរៀង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដោយជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ បានដាច់ស្លាកលេខបាត់។ចំណែក រថយន្តដឹកឥដ្ឋ ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A.5931 ប្រភេទដឹកទំនិញធុនធំ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ បុរស៣នាក់ជិះម៉ូតូឌុបគ្នាម៉ាកឌ្រីមសង់តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះទិសដៅពីជើងមកត្បូងកំពុងតែជិះសុខៗ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៧,៦តោនដឹកឥដ្ឋពេញមកពីក្រោយបុកពេញទំហឹងអូស ប្រហែល ៣០ម៉ែត្របណ្ដាលឲ្យបុរស ពីរនាក់ដាច់ជើងម្ខាងម្នាក់និងម្នាក់ទៀតរងរបួសស្រា ភ្លាមៗត្រូវបាន រថយន្តមកដឹកយកទៅសង្គ្រោះជីវិតផងដែរ។ម៉ូតូរបស់ជនរងគ្រោះខ្ទិចស្ទើតែទាំងស្រុង ចំពោះអ្នកបើក រថយន្តបានបើកទ្វារចុះរត់បាត់ ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕