ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដព្រូសមួយគ្រឿងបំរ៉ុងឡើងលើស្ពានអាកាសផ្សារដីហ៊ុយមិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃ ស្ពាន ពេញទំហឹងបណ្ដាលឲ្យបង្កាន់ដៃស្ពានអាកាសរងការ ខូចខាតបន្តិចបន្តួច ចំណែករថយន្តខ្ទិចខាងមុខ បែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៩ ខែមករាឆ្នាំ២០២១ នៅចំណុចខាងលិចគល់ស្ពានអាកាសផ្សារដីហ៊ុយ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តតូយូតាព្រូសស៊េរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BJ.4201 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុខាងលើបំរ៉ុងឡើងស្ពាន បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុក បង្កាន់ដៃស្ពានអាកាសពេញកំហឹង បណ្ដាលឲ្យបង្កាន់ដៃស្ពានរងការប្រេះបែកបន្តិចបន្តួច ចំណែករថយន្តខ្ទិចផ្នែកខាងមុខនឹងបែកម៉ាស៊ីនហូរប្រេងទៅមុខ លែងរួច។ភ្លាមនោះម្ចាស់រថយន្ត បានខលហៅមិតភ័ក្ខមកយកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕