ខេត្តមណ្ឌលគិរីះ ដោយមានការអំពាវនាវដើម្បីជួយសង្គ្រោះដល់លោក ត្រាង ប៊ុនថា ដែលមានជីវភាពក្រីក្រ កំពុងត្រូវការឈាមប្រភេទO ជាបន្ទាន់ ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ណយ ច័ន្ទតារា អនុប្រធានស.ស.យ.ក ខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា និងស.ស.យ.ក ក្រុងសែនមនោរម្យ រួមទាំងក្រុមការងារស.យ.ស.ស ខេត្ត និងសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣២ម៉ឺនរៀល និងទឹកដោះគោឆៅ ២យួរ រួមទាំងមានអ្នកបរិច្ចាគឈាម ទី១. លោក រតន ម៉ានែល និងទី២. លោក ដូន សុគាន ជាសមាជិកស.ស.យ.ក ស្រុកកែវសីមា បានចូលរួមជួយបរិច្ចាគឈាមចំនួន ២ប្លោក ជួយសង្គ្រោះដល់លោក ត្រាង ប៊ុនថា អាយុ ៣០ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បន្ទាប់មក លោក ណយ ច័ន្ទតារា បានបន្តចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១០ម៉ឺនរៀល ផ្តល់ជូនលោកតា ងេះ បូផាន់ ត្រូវជាជីតា លោក ដូន សុគាន ប្រធាន ស ស យ ក ឃុំស្រែឈូក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
នាឱកាសនោះ លោក ណយ ច័ន្ទតារា ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ជាប្រធានស.ស.យ.កខេត្ត និងលោក សាន់ ដារិទ្ធិ ប្រធាន ស.យ.ស.ស.ខេត្ត ដែលជានិច្ចកាល លោកទាំងទ្វេតែងតែគិតគូរពីសុខុមាល និងការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ក្រុមការងារ ក៏បានណែនាំដល់លោក ត្រាង ប៊ុនថា និងជីតា ប្រធានស.ស.យ.កឃុំស្រែឈូក ត្រូវយកយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀត ក៏សូមជូនពរដល់លោក ត្រាង ប៊ុនថា និងជីតា ប្រធានកស.ស.យ.កឃុំស្រែឈូក សូមឲ្យមានសុខភាពល្អ និងឆាប់បានជាសះស្បើយឡើយវិញផងដែរ៕ដោយះជឹម បញ្ញា