កក្រើក​ក្រុងព្រះសីហនុ! ខ្មាន់កាំភ្លើង​តាម​បាញ់​ជនរងគ្រោះ ដូច​រឿង​ភាគ ស្លាប់​ម្នាក់​ពេល​បញ្ជូន​មកកាន់​មន្ទីរពេទ្យ

ខេត្ត​ព្រះសីហនុ​-​មាន​ករណី​ផ្ទុះអាវុធ​ពី​ជនសង្ស័យ​ជា​ជន​ជាតិចិន បានធ្វើ​សកម្មភាព​បាញ់ប្រហារ​បុរស​ជន​ជាតិចិន​ដូចគ្នា បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់​ វេលា​ម៉ោង​៨,២០​នាទី​ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​នេះ នៅ ព្រៃ​ស្វា ក្បែរ ឆ្នេរ ឯករាជ្យ ជិត​កា​ស៊ី​ណូ ជី​យ​វ​នី​សិន ស្ថិតក្នុង​ក្រុម​១៩ ភូមិ​១​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ជុំវិញ​ហេតុការណ៍​ផ្ទុះអាវុធ​នេះ​ផងដែរ​តាម​ប្រភព ពី​សន្តិសុខ​កាស៊ីណូ​ជី​យ​វ​នី​សិន បានអោយដឹងថា នៅមុន​កើតហេតុ​ ខ​ណៈ​ពេល​រូបគាត់​កំពុង​យាម​នៅមុខ​កាស៊ីណូ បាន​ឬ​សំលេង​ផ្ទុះអាវុធ ចំនួន ៣~៤ គ្រាប់ នៅ​ចម្ងាយ​ពី​២០០~៣០០​ពី​កាស៊ីណូ ហើយក៍​បានឃើញ​រថយន្ត​ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AL-9459​បើក​ចូលមក​កាស៊ីណូ ក្នុង​បំណង​រត់គេច​ពី​ការបាញ់ប្រហារ ភ្លាមនោះ​ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BI-1413 បើក​មក​ឈប់​ពីមុខ​កាស៊ីណូ ហើយ​បាន​បាញ់​មួយ​គ្រាប់​ទៀត​មកលើ​រថយន្ត​ជនរងគ្រោះ រួច​ក៍​បើក​ចេញ​បាត់ទៅ ភ្លាមនោះ​តៃកុង​រថយន្ត​ជា​ជនជាតិខ្មែរ ក៏បាន​គ្រា​ជនរងគ្រោះ​ពី​រថយន្ត​ដាក់​ក្បែរ​រថយន្ត រួច​ក៍​ដឹក​បន្ត​មកកាន់​មន្ទី​ពេទ្យ​។​

ជុំវិញ​ករណីនេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ មានប្រសាសន៍ប្រាប់​បណ្ដា​ញ​ផ្សព្វផ្សាយ ឲ្យ​ដឹង​ជាបឋម​ថា ក្រោយ​កើតហេតុ លោកស្នងការ​បានបញ្ជាក​ម្លាំ​ង​ជំនាញ ដោយមាន​កិច្ចសហការ​ពី​សមត្ថកិច្ច​ចម្រុះ​ក្នុង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ឡោមព័ទ្ធ​ទីតាំង​កើតហេតុ និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនបង្ក ក្នុងនោះ​របាយការណ៍​ប​ឋ​ម​បញ្ជាក់ថា ជនរងគ្រោះ​ជា​ជនជាតិ​ចិន ជិះ​រថយន្ដ​មួយគ្រឿង ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AL-9459​។​

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បន្ថែមថា ជ​នស​ង្ស​យ័​ដែល​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នេះ ជិះ​រថយន្ដ​មួយគ្រឿង​ដែល​ក្រោយមក យក​រថយន្ត​នោះ​ទៅ​ទុក​ផ្លុ​ង​ចោល​នៅ​ជិត​ផ្សារ​ដំរី​៥ ហើយ​ចុះ​រត់គេចខ្លួន ក្នុងនោះ​ខ្មាន់កាំភ្លើង​ជិះ​រថយន្ដ​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BI-1413​។​

យ៉ាងណាមិញ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​អះអាងថា កម្លាំង​ជំនាញ​កំពុង​តាម​ប្រមាញ់​ខ្មាន់កាំភ្លើង​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់​។​
​ទោះបីជា​យ៉ាងណា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ មិនទាន់​អាច​បញ្ជាក់ថា ដើមចម​ដែល​នាំ​ឲ្យ​មាន​អំពើ​បាញ់ប្រហារ​ទាំង​ព្រឹក​ព្រលឹម​នេះ បណ្ដាលមកពី​មូលហេតុ​អ្វី​នោះឡើយ​ទេ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​។​

ដោយឡែក លោក​វរសេនីយ៍ឯក សារ៉ាត់​វិទ្យា ប្រធានការិយាល័យ វិទ្យាសាស្ត្រ បច្ចេកទេស ពិនិត្យ​សាកសព បាន​ឲ្យ​ដឹង ក្រោយ​ធ្វើ​កោសល្យវិច័យ​ថា ជនរងគ្រោះ ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់​មួយ​គ្រាប់ ចំ​លើ​គល់​ដោះ​ខាងឆ្វេង​ទំ​ហ៊ំ​៩ មិលីម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់ ក្រោយ​បញ្ជូន មកដល់​មុខ​មន្ទីរពេទ្យ ឯកជន មួយកន្លែង ស្ថិត​ក្បែរ​ផ្សារ​ពាណិជ្ជកម្ម តាម​បណ្ដោយ​ផ្លូវ ឯករាជ្យ​។​ក្រោយ​ការពិនិត្យ​រួចរាល់​ហើយ សាកសព​ត្រូវបាន​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ៕