បត់​ឆ្វេង​មិន​ប្រយ័ត្ន បណ្ដាល​ម្នាក់​ស្លាប់​ភ្លាមៗ​កន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់

ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ និង​យុវជន​ម្នាក់ទៀត រងរបួស​ធ្ងន់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​និង​ម៉ូតូ កាលពី​វេលា ម៉ោង​១២​និង​៥០​នាទី យប់​រំលងអធ្រាត្រ ឈានចូល ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច​ច្រកចូល ផ្សារ​ច្រាំង​ចំរេះ តាម​បណ្ដោយ​ផ្លូវជាតិ លេខ​៥ ក្នុង​ភូមិឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​ភាគី​ទាំងសងខាង មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​ដូចគ្នា ដោយ​ភាគី​ដែល​ស្លាប់ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HN-4437 ចំណែកឯ​ភាគី​ម្ខាង​ទៀត ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី​1E-6242 រងរបួស​ធ្ងន់​បាក់ដៃ ។ ភាគី​ទាំងសងខាង មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​ដូចគ្នា ។

​តាម​ប្រភព​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ គាត់​ឃើញ​យុវជន ដែល​រងរបួស​ធ្ងន់​នោះ បើក​ម៉ូតូ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៥​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ មកដល់​ចំណុចកើតហេតុ ក៏​បត់​ឆ្វេង​ដៃ បំណង​ចូលទៅ ច្រក​ផ្សារ​ច្រាំង​ចំរេះ ខណៈពេល​កំពុងតែ​បត់​ស្រាប់​តែមាន​ម៉ូតូ របស់​យុវជន​ដែល​ស្លាប់​នោះ មកពី​ក្រោយ ទំនង​( អក​ហ្សើ ) ជ្រុល​មក​បុក​ពេញទំហឹង បណ្ដាល ឱ្យមាន​អ្នកស្លាប់​និង​អ្នករងរបួស​បែបនេះ​តែម្ដង ។

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​វាស់វែង យក​ម៉ូតូ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​ចំណែក​សព​តម្កល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ស្រាវជ្រាវ សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕​