រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតមកត្រឹមវេលាម៉ោង១និង២៩នាទីរសៀលថ្ងៃទី២០ មករា ឆ្នាំ២០២១ ក្រុមកម្មកររោងចក្រកាត់ដេរ វ៉ាយ ដាប់ប៊លយូ (YW) ដែលលើកគ្នាធ្វើបាតុកម្មបិទផ្លូវ២១៧ ហៅផ្លូវចម្ការដូង ដើម្បីទាមទារលក្ខខណ្ឌការងារកាលពីព្រឹកមិញ បានឈានដល់ការផ្ទុះអំពើហិង្សាហើយ ដោយខាងក្រុមកម្មករបានគប់ដុំថ្ម និងទឹកសុទ្ធទៅលើសមត្ថកិច្ច បណ្តាលឱ្យក្រុមសមត្ថកិច្ចរងរបួស ហើយក្រុមកម្មករបានលើកគ្នាដេញតាមរថយន្តរបស់សមត្ថកិច្ចផងដែរ ។
ក្រោយពេលមានការផ្ទុះអំពើហិង្សាខាងលើរួចមក គេសង្កេតឃើញខាងក្រុមសមត្ថកិច្ច អាជ្ញាធរ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌបាននាំគ្នាដកថយអស់ហើយ ។ ដោយឡែកក្រុមកម្មករនៅបិទផ្លូវជាបន្តទៅទៀត ។
គួររំលឹកថា មានករណីកម្មកររោងចក្រកាត់ដេរ វ៉ាយ ដាប់ប៊លយូ (YW) បាននាំគ្នាធ្វើបាតុកម្មបិទផ្លូវ២១៧ ហៅផ្លូវចម្ការដូង ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន២ចំណុច ដោយចំណុចទី១-ទាមទារប្រាក់៥ភាគរយដែលកន្លែងមករោងចក្រធ្លាប់បើកឱ្យកម្មករដែលចូលថ្មីរយៈពេល៣ខែគឺបើកម្តង ដោយឡែកអ្នកដែលចូលធ្វើការយូរមកហើយនោះគឺបើករយៈពេល៦ខែ ទើបបើកម្តង និងចំណុចទី២-ទាមទារប្រាក់បំណាច់ឆ្នាំ ដោយពួកគាក់លើកឡើងថា តាំងពីរោងចក្របើកដំណើរការរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺពួកគាត់មិនដែលទទួលបានប្រាក់បំណាច់ឆ្នាំនោះទេ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២១ នៅចំណុចរោងចក្រវ៉ាយដាប់ប៊លយូ (YW) តាមបណ្តោយផ្លូវ២១៧ ហៅផ្លូវចម្ការដូង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
តាមសេចក្តីរាយការណ៍បានបន្តថា ពួកគាត់បានទាមទារដោយសន្តិវិធីអស់មួយរយៈពេលកន្លងមកហើយ ប៉ុន្តែមិនទាន់ត្រូវរ៉ូវគ្នាជាមួយថៅកែរោងចក្រ រហូតមកដល់វេលាម៉ោងខាងលើក៏លើកគ្នាធ្វើបាតុកម្ម គឺបិទកំណាត់ផ្លូវ២១៧ ត្រង់ចំណុចមុខរោងចក្រជិតផ្សារព្រែកជ្រៃ ។
គិតមកត្រឹមវេលាម៉ោង១១និង៧នាទីព្រឹកថ្ងៃដដែល គេសង្កេតឃើញលោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ បានចុះមកសម្របសម្រួលជាមួយក្រុមកម្មករមានរយៈពេលជិត២០នាទីនៅមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ ។
គិតមកត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ក្រុមកម្មករបានយល់ព្រមបើកផ្លូវរយៈពេល២ម៉ោង បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់អាជ្ញាធរខណ្ឌដង្កោ ។ សូមបញ្ជាក់ថា មុនមានការបើកផ្លូវនេះដែរ គឺអាជ្ញាធរបម្រុងនឹងប្រើធម៌ក្តៅដើម្បីបំបែកហ្វូងបាតករហើយ លុះបន្តិចក្រោយមក ទើបបាតុករយល់ព្រមបើកផ្លូវ គឺបើកផ្លូវឱ្យតែរយៈ២ម៉ោងប៉ុណ្ណោះ ដើម្បីឱ្យតំណាងរោងចក្រ និងតំណាងកម្មករ ព្រមទាំងអាជ្ញាធរចរចាគ្នា ប្រសិនបើដោះស្រាយគ្នាអត់ត្រូវរ៉ូវគ្នាទេ គឺក្រុមកម្មករបន្តធ្វើបាតុកម្មបិទផ្លូវជាបន្តទៀត ។
បើតាមការសាកសួរពីក្រុមកម្មករបានឱ្យដឹងថា រោងចក្រខាងលើមានកម្មករធ្វើការប្រមាណជាង៧ពាន់នាក់ ដោយមានកម្មករខ្លះធ្វើការវេនថ្ងៃ និងខ្លះទៀតធ្វើការវេនយប់ ។ ដោយឡែកក្រុមកម្មករដែលធ្វើការវេនថ្ងៃបាននាំគ្នាធ្វើបាតុកម្មនាពេលនេះ ។
គិតមកត្រឹមវេលាម៉ោង១និង១៦នាទីរសៀលថ្ងៃដដែល លោកមាន ច័ន្ទយ៉ាដា អភិបាលរងរាជធានីភ្នំពេញ រួមជាមួយលោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោ និងមន្ត្រីពាក់ព័ន្ធនានា បានចុះមកសម្របសម្រួលជាមួយកម្មករ ដោយឱ្យក្រុមកម្មកររើសតំណាងខ្លួនចំនួន១០នាក់ ចូលជួបធ្វើការដោះស្រាយគ្នាជាថៅកែរោងចក្រនៅក្នុងរោងចក្រខាងលើ ។ នាពេលនេះ គឺក្រុមកម្មករនៅមិនទាន់បើកផ្លូវនៅឡើយ ដោយសារពួកគាត់កំពុងរើសតំណាងរបស់ខ្លួនឱ្យចូលដោះស្រាយដែរ ប៉ុន្តែមិនទាន់មានកម្មករណាមួយចេញមុខធ្វើជាតំណាងនោះទេ ហើយការបិទផ្លូវនៅតែបិទដដែល ហើយបើស្ថានភាពនៅតែបែបនេះ អាជ្ញាធរអាចនឹងប្រើកម្លាំងបំបែកហើយ ។
តាមសេចក្តីរាយការណ៍បានបន្តថា នាខណៈនេះផងដែរ លោកអភិបាលរាជធានីភ្នំពេញបានប្រកាសលេខទូរស័ព្ទ ដើម្បីឱ្យក្រុមកម្មករមានទំនុកចិត្ត ដោយលោកធានាថានឹងដោះស្រាយជូន ប៉ុន្តែក្រុមកម្មករនៅតែមិនព្រមបើកផ្លូវដដែល ព្រោះពួកគាត់រើសតំណាងរបស់ខ្លួនមិនទាន់បាន ហើយក្រុមកម្មករក៏បានអះអាងថា ពួកគាត់ក៏មានតំណាងចាស់របស់ខ្លួនចំនួន១០ដែរ តែអ្នកតំណាងចាស់នោះធ្វើការមិនល្អ ។
លោកអភិបាលរាជធានីភ្នំពេញបានប្រាប់ដល់បងប្អូនកម្មករកុំឱ្យយកផ្លូវ២១៧ខាងលើធ្វើជាចំណាប់ខ្មាំង ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរទូទៅ និងខុសច្បាប់ ប្រសិនបើចង់តវ៉ា ក៏តវ៉ាទៅចុះ មិនមានការហាមឃាត់នោះទេ តែសូមបើកផ្លូវ ដើម្បីឱ្យអ្នកដំណើរធ្វើចរាចរណ៍បានរលូនផង ។
គិតមកត្រឹមរសៀលថ្ងៃដដែល ស្រាប់តែមានការផ្ទុះហិង្សាកើតឡើង ដោយក្រុមកម្មករបានគប់ដុំថ្ម និងទឹកសុទ្ធទៅលើក្រុមសមត្ថកិច្ច ហើយក្រុមសមត្ថកិច្ចក៏ធ្វើការដកថយអស់ផងដែរ ៕