រដ្ឋបាលក្រុងតាខ្មៅ ព្រមានបិទអាជីវកម្មដេប៉ូខ្សាច់ដែលមិនគោរពគោលការណ៍ណែនាំ

កណ្តាល៖ក្រោយពីមានការព្រមានដកប្រធានគណៈកម្មការគ្រប់គ្រងការដឹកជញ្ជូនរ៉ែសំណង់អាជ្ញាធរក្រុងតាខ្មៅឃាត់រថយន្តល្មើសផាកពិន័យនិងព្រមានបិទអាជីវកម្មប្រសិនមិនគោរពច្បាប់៖
ក្នុងកិច្ចប្រជុំបន្ទាន់ ដើម្បីណែនាំចំពោះម្ចាស់ដេប៉ូខ្សាច់ និងក្រុមអ្នកបើកបររថយន្តដឹកដី ខ្សាច់ ថ្ម ដែលឆ្លងកាត់ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី២១ មករា ២០២១កន្លងទៅនេះ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បានមានប្រសាសន៍ទៅកាន់ម្ចាស់ដេប៉ូខ្សាច់ទាំង១៨ ទូទាំងក្រុង ថា ប្រសិន បើម្ចាស់ដេប៉ូណាមួយ ល្មើសនិងបំរាមណែនាំ របស់អាជ្ញាធរក្រុង នឹងធ្វើការផាកពិនយ័ ចំនួន ៣០០.០០០រៀល ( ៣០ម៉ឺនរៀល ) ហើយធ្វើការឃាត់រថយន្ត បើធ្ងន់ធ្ងរជាងនេះ នឹង បិទផ្អាកមិនឱ្យធ្វើអាជីវកម្មតែម្តង។ លោកបានបន្តថា មានរថយន្តដឹកដីខ្សាច់ជាច្រើនគ្រឿង បានដឹកខ្សាច់ពេញហួសកំណត់ ហើយមានរថយន្តខ្លះទៀត មិនបានយកកៅស៊ូតង់គ្របឲ្យបានត្រឹមត្រូវ និងដាក់ខ្សាច់ហៀរ ជ្រុះរប៉ាត់រប៉ាយ ដែលបង្កឱ្យមានដីខ្សាច់ហុយ តាមដងផ្លូវ បង្កការប៉ះពាល់ សុខភាពដល់ប្រជាពលរដ្ឋ ជួនកាលបង្កអោយមានគ្រោះថ្នាក់ ជារឿយៗផងដែរ។ ហើយ កន្លងមក ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ផ្លូវ២១A ផ្លូវលេខ១១៥ បានសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ជាច្រើនលើក ច្រើនសារ អោយអាជ្ញាធរមចាត់វិធានការជាបន្ទាន់ ណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ទាំងនោះ ។
លោកអភិបាលក្រុង ក៏បានណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ទាំងអស់ មុននឹងឱ្យដឹកជញ្ជូន ចេញពីដេប៉ូ ត្រូវលាងសម្អាតកង់រថយន្ត ហើយយកកៅស៊ូតង់គ្របឲ្យបានត្រឹមត្រូវ ជៀសវាងការដឹកជញ្ជូនហួសកំណត់ ស្របតាមលក្ខណៈបច្ចេកទេស ដែលស្ថាប័នជំនាញដែលបានណែនាំ ។ លោក ក៍បានអំពាវនាវម្ចាស់ដេប៉ូខ្សាច់ និងបណ្តាសប្បុរសជននានា សូមចូលរួមវិភាគទាន ជាថវិកា តាមសទ្ធា សម្រាប់ទិញរថយន្តបាញ់ទឹក លាងសំអាតផ្លូវ អោយមានសោភណ័ភាព ស្រស់បំព្រង សក្តិសម ជាទីក្រុងស្អាតទេសចរណ៍អាស៊ាន៕