រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំពិធីក្រុងពាលីសាងសង់កាំជណ្ដើរឡើងភ្នំត្បែងមានជ័យថ្មី ធ្វើអំពីដែក ជំនួសឱ្យកាំជណ្ដើរបេតុងចាស់ដែលរងការបាក់ស្រុតខូចខាតដោយជំនន់ទឹកភ្លៀងកាលពីរដូវវស្សាកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងទៅកាន់ខ្នងភ្នំត្បែងមានជ័យ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ។
ពិធីក្រុងពាលីនេះប្រព្រឹត្តធ្វើឡើងនៅចំណុចកាំជណ្ដើរឡើងភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។
ទន្ទឹមនេះ នៅព្រឹកថ្ងៃដដែលនេះដែរគណៈអធិបតីក៏បានបន្ដដំណើរអញ្ជើញនាំយកអំណោយមនុស្សធម៌ទៅផ្ដល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ ដែលមកពី០៤ឃុំ គឺឃុំឈានមុខ.ព្រះឃ្លាំង .ពោធិ៍ និងឃុំប្រមេរ នៃស្រុកត្បែងមានជ័យ ដែលធ្វើឡើងនៅវត្តទួលឧត្តម ហៅវត្តប្រមេរុ ក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕