សមត្ថកិច្ចខេត្តបាត់ដំបងបាននាំខ្លួនជនជនជាតិវៀមណាមចំនួន ៤នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបញ្ជូនបន្តទៅកាន់ប្រទេសកំណើតវិញក្រោយរកឃើញបានស្នាក់អាស្រ័យនៅក្នុងខេត្តបាត់ដំបងមិនស្របតាមច្បាប់អនុញ្ញាត។
លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការខេត្តបាត់ដំបងបានឲ្យដឹងថា ÷ ការអនុវត្តផ្អែកតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១នេះកម្លាំងជំនាញបាននាំខ្លួនជនជាតិវៀតណាមចំនួន ១គ្រួសារមានសមាជិក ៤នាក់រៀបចំបែបបទបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងគោលបំណងបញ្ជូនបន្តទៀតទៅកាន់ប្រទេសកំណើតរបស់ពួកគាត់វិញបន្ទាប់ពីកម្លាំងផ្នែកសន្តិសុខដឹកនាំដោយលោកវរសេនីយត្រី ទឹម វិឆ័យ បានចុះធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលភាពស្របច្បាប់ទៅលើជនបរទេស(ជនជាតិវៀតណាម)ខាងលើមិនមានឯកសារត្រឹមត្រូវស្របតាមច្បាប់អនុញ្ញាត ខណ:កំពុងរស់នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកស្នងការរងបញ្ជាក់បន្ថែមថា÷ ជនជាតិវៀតណាមចំនួន៤នាក់មានមានឈ្មោះ វីង វាំងដូង ភេទប្រុស អាយុ ៣៥ឆ្នាំ. ឈ្មោះ វិន វ៉ា ភេទស្រី អាយុ៣១ឆ្នាំ. ឈ្មោះ វីង ទីងដាក ភេទប្រុសអាយុ១៤ ឆ្នាំ និងម្នាក់ទៀតឈ្មោះ វីង ធីធិនទែង ភេទស្រីអាយុ២ ឆ្នាំ។
នេះជាករណីទី២ហើយ ដែលកម្លាំងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការខេត្តបាត់ដំបងបាននាំខ្លួនជនជាតិវៀមណាមសរុបចំនួន ១២នាក់បញ្ជូនទៅកាន់ប្រទេសកំណើតចាប់តាំងពីដើមខែមករា ឆ្នាំ២០២១ មក៕