ភ្នំពេញ ៖ រថយន្តដឹកដែកមួយគ្រឿង បើកកៀររថយន្តToyota Priusមិនឈប់ទទួលខុសត្រូវ ធ្វើឲ្យរថយន្តToyota Priusបើកដេញតាមស្កាត់ពីមុខ ត្រូវរថយន្តបង្កបុកនេះ អូសជាង៥ម៉ែត្រ កាលពីវេលាម៉ោង១០ និង០០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ដំបូងគេឃើញនារីម្នាក់ បើករថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BC-1364ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយរថយន្តដឹកដែក ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-6001 ដោយបើកទន្ទឹមគ្នា។ ប៉ុន្តែពេលបើកមកដល់មុខម្ដុំមុខវត្តវាលស្បូវ ស្រាប់តែរថយន្តបង្កហេតុប្រភេទដឹកដែកនេះ បានមកដេញកៀររថយន្ត Toyota Prius របស់នារីក្លាហានបណ្ដាលឲ្យបែកស្តុប និងកាងរថយន្តតិចតួច តែរថយន្តបង្កមិនឈប់ទទួលខុសត្រូវទេ ដោយព្យាយាមបើករត់ ទើបនារីនេះ បន្ថែមល្បឿនរថយន្តដេញតាមជិត១គីឡូម៉ែត្រ រហូតទាន់ ហើយសម្រេចចិត្តបួងចង្កូតរថយន្តទៅខាងឆ្វេងដៃរួចជាន់ហ្វ្រាំងឈប់ពីមុខរថយន្តបង្កហេតុ ធ្វើឱ្យរថយន្តបង្កបុកបន្ថែម អូសជាង៥ម៉ែត្របណ្តាលឲ្យរថយន្ត Toyota Prius រងការខូចខាតយ៉ាងដំណំ តែមិនធ្វើឲ្យនារីនេះ ឬប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ។
ភ្លាមៗនោះ នារីក្លាហាននេះ ក៏បានស្រែកឲ្យប្រជាពលរដ្ឋជួយ និងឃាត់តៃកុងរថយន្តបង្កផងដែរ តែដោយឃើញស្ថានភាពជាក់ស្ដែងសាហាវពេក ប្រជាពលរដ្ឋទ្រាំមិនបាន ក៏ដាក់តៃកុងរថយន្តបង្កម្នាក់១ដៃ១ជើងទន់ខ្លួនដេកសន្លប់ ត្រូវបានសមត្ថកិច្ចដឹកយកទៅពេទ្យផងដែរ៕