ចាប់​បាន​ឃាតក​​តិរច្ឆាន​ហើយ​ ករណី​រំលោភ​សម្លាប់​នៅ​កោះកុង​!!!

កោះកុង ​៖​ អំពើ​ដ៏​សាហាវ​ឃោរឃៅ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២១ នៅ​ចំណុច ចំណោត​ដីខ្មៅ ស្ថិត​ក្នុង​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង បណ្ដាល​ឲ្យ​នារី​ម្នាក់ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ជនរងគ្រោះ​មានឈ្មោះ ឆ​.​ស​.​វ ភេទ ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ ស្រុក​បូ​ទុម​សាគរ។

ដោយមាន​ការចង្អុលបង្ហាញ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្ត កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ប្រុស នៅ​រសៀល​ថ្ងៃទី​២៥ មករា ២០២១ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត ដោយ​ជនសង្ស័យ​មានឈ្មោះ ហ៊ីម សា​អាត ហៅ អ៊ូ អា​រី​ហ្វី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​ជា​កម្មករ​រោងចក្រ រស់នៅ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ មាន​ស្រុកកំណើត​ភូមិ​សុ​វណ្ណា​បៃតង ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ​។​

តាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ស្គាល់គ្នា ជាមួយ ជនរងគ្រោះ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រយៈពេល ១​ខែ​មកហើយ លុះ​ល្ងាច​ថ្ងៃទី ២៣ មករា ឆ្នាំ ២០២១ នារី​រងគ្រោះ​នឹក​កូនប្រុស​អាយុ​២​ឆ្នាំ នៅ​ឃុំ​អណ្តូងទឹក ដោយ​ចង់​ទៅលេង ព្រោះ​ស្អែក​ជា​អាទិត្យ​ឈប់សម្រាក ពី​ការងារ ខណៈពេល​នោះ ជនសង្ស័យ​ក៏​ធ្វើ​ស្ម័គ្រចិត្ត​ឌុប​ជូន​នាង​ទៅ ដោយ​ចាប់ផ្តើម​ធ្វើដំណើរ​ចេញពីផ្ទះ​ជួល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ម៉ោង​៥​ល្ងាច លុះដល់​ចំណោត​ដីខ្មៅ ជនសង្ស័យ ធ្វើ​សកម្មភាព រំលោភ ច្របាច់ក វ៉ៃ​ទៅលើ​ផ្ទៃមុខ​នារី​រងគ្រោះ រួចហើយ​យក​អាវ​ចងក អូស​ទៅ​ផ្លុ​ង​ចោល​ក្នុង​ព្រៃ​តែម្តង​។​

ក្នុង​ការ​ឃាត់​ខ្លួន​នេះ ​សមត្ថកិច្ច បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖ ​ម៉ូតូ ZoomerX ២០១៩ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ប ​និង​ថវិកា​៤​ម៉ឺន​រៀល។ ករណី​នេះ កម្លាំង​ជំនាញ ​បាន​រៀបចំ​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕