ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវ​បាន​តុលា​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​យក​មក​សួរ​ចម្លើយ ចាំ​មើល​វាសនា​​​​គាត់​​​ទៅជា​យ៉ាងណា ?

មហាជន​ស្ទើរ​ទូទាំងប្រទេស អ្នកណា​មិន​ស្គាល់​​​​​អ្នក​លក់​ផលិតផល​​តាម online គឺលោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជេរ​ផ្អើល​ប្រទេស ជេរ​ហុយ​ដី​សំពោង ជេរ​មិន​រើសមុខ​ មិន​ថា​ក្មេង​ចាស់​ក្មេង ដោយ​មិន​មាន​អ្នកណា​ហ៊ាន​ចេញមុខ​តតាំង​ជាមួយ​គាត់​ឡើយ ដោយសារ​គាត់​មាន​លុយ និង​ល្បី​មាន​អ្នកធំៗ​នៅ​ពីក្រោយ ទើប​កន្លងមក​គាត់​ជេរ​ម៉ា​សេរី

ដោយ​ទង្វើ​របស់គាត់​ធ្វើអោយ​សីលធម៌​សង្គម​ធ្លាក់ចុះ ជាពិសេស​គឺ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​យ៉ាងខ្លាំង ទីបំផុត​ជេរ​ចុះ ជេរ​ឡើង​ជេរ​ចំ​គេ​អ្នកខ្លាំង ជេរ​ចំ​គេ​ដែល​យក​ច្បាប់​ជាធំ គេ​អត់​ជេរ​វិញ​ទេ គេ​ប្តឹង មានអី​រត់​មិន​សប់​ដី។

មហាជន​មានការ​សាទរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​តុលាការ ដែល​អនុវត្ត​ច្បាប់​ប្រកបដោយ​ភាពយុត្តិធម៌ និង​តម្លាភាព ព្រោះនេះ​ពិតជា​រឿង​សំខាន់​ណាស់​សម្រាប់​ចូលរួម​លុបបំបាត់​វប្បធម៌​អសីលធម៌​របស់​អ្នកលក់ online ផ្សេងៗ ដែល​និយម​ជេរ​ហុយ​ដី​ដូច​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី​នេះ។

គួរ​បញ្ជាក់​ថា លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ត្រូវបាន​តុលាការ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ចូល​មក​បំភ្លឺ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រ​ព្រឹ​ត្ដ​ទៅ​នៅ​រាជធានី​ភ្នំពេញ។

ក្នុងពេលនោះ គេ​សង្កេតឃើញ​លោកជំទាវ​ឧកញ៉ា បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​នេះ មុន១ថ្ងៃទៀតផង គឺនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ហើយ​ពេល​ចេញពី​តុលាការ​វិញ ​លោក​ជំទាវ​ឧកញ៉ា ​មិនបាន​បកស្រាយ​អ្វី​ទាំងអស់​ជាមួយនឹង​ក្រុម​អ្នកសារព័ត៌មាន រួច​ក៏​ឡើង​ជិះ​រថយន្ត​ម៉ាក​Prius ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ-3840​ជិះ​ចេញទៅ​បាត់ ជាមួយ​នឹង​ការពាក់​ម៉ាស់ និង​ពាក់មួក​ឃ្លុំ​បិទ​ជិត​នោះ។

ដោយឡែក​នៅ​ពេល តុលាការ​កោះហៅ​លើក​ទី​២​នោះ បែរជា​មិន​ឃើញ​វត្តមាន​លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូប​នេះ​ ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ឡើយ ទើប​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ក៏​ដូច​អាជ្ញាធរ កំពុង​នៅ​ជុំ​ជិត​នៅ​មុខ​វិឡារ​ដ៏​ស្កឹមស្កៃ​របស់លោកជំទាវ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បី​នាំខ្លួន​លោកជំទាវ​ឧកញ៉ា​ទៅ​ធ្វើ​ការសាកសួរ ​ហើយ​រហូត​ដល់​វេលា​ម៉ោង​៥​និង​៥១​នាទី​ល្ងាច​ថ្ងៃ​ ដដែល​នេះ ​មិន​ទាន់​ដក​កម្លាំង​ចេញពី​ទីតាំង​នោះ​នៅឡើយ៕