ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភសម្លាប់នារីម្នាក់យ៉ាងព្រៃផ្សៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុច ចំណោតដីខ្មៅ ស្ថិតនៅក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ អ៊ូ អារីហ្វីន ហៅ ហ៊ីម សាអាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរជាកម្មកររោងចក្រKKN1 រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានជិះម៉ូតូឌុបជនរងគ្រោះឈ្មោះ ឆេង សាវី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រKKN4 ទៅស្រុកកំណើតភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ។
សមត្ថកិច្ចបន្តថា ពេលដល់ចំណុចកើតហេតុ ជនសង្ស័យបាននាំជនរងគ្រោះទៅចំណុចកញ្ចុះ រួចបានធ្វើសកម្មភាពនិងច្របាច់(ក)ជនរងគ្រោះរហូតដល់ស្លាប់ រួចយកអាវរិត(ក)អូសទម្លាក់ចោលក្នុងព្រៃ រួចជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិ៤វិញ ។
ប្រភពខាងលើឲ្យដឹងទៀតថា ក្រោយសមត្ថកិច្ចបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ជាបន្តបន្ទាប់រហូតដល់រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលខេត្តកោះកុងដើម្បីធ្វើការសាកសួរ និងអនុវត្តទៅតាមផ្លូវច្បាប់៕