សមត្ថកិច្ច​ ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ពាក់ព័ន្ធ​ករណី​នាំ​នារី​ក្មេងៗ ស្អាតៗ ជា​អនីតិជន ឱ្យ​ភ្ញៀវ​តាម​ផ្ទះសំណាក់ និង សណ្ឋាគារ ដើម្បី​រួមភេទ

ភ្នំពេញ ​៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​ជាក់ស្តែង​ករណី​ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម​មាន​ស្ថាន​ទម្ងន់ទោស ពោលគឺ នាំ​នារី​ក្មេងៗ ស្អាតៗ ឱ្យ​រួមភេទ​ជាមួយ​ភ្ញៀវ នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ ជា​ថ្នូរ​នឹង​កម្រៃជើងសារ ដោយបាន​ឃាត់ខ្លួន​ស្ត្រី​មេខ្យល់​ម្នាក់ និង នារី​ចំនួន​៧​នាក់ ក្នុងនោះ​មាន​អនីតិជន​ចំនួន​៥​នាក់​។​

​ប្រតិបត្តិការ​នេះ ដោយមាន​ការចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង សម្របសម្រួល​នីតិវិធី​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ធ្វើ​ការឃាត់​ស្ត្រី​សង្ស័យ​ជា​អ្នកគ្រប់គ្រង​ម្នាក់​និង​នារី​រងគ្រោះ ក្មេងៗ​ចំនួន​៧​នាក់ នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ចំណុច​ភោជនីយដ្ឋាន តា​ឪ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មេខ្យល់ រូបនេះ ឈ្មោះ ឆ​យ ចន្ថា អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​នារី​រងគ្រោះ​ចំនួន​៣​នាក់ ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយ៍ដ្ឋាន តា​ឪ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ និង នារី​ជនរងគ្រោះ ចំនួន​៤​នាក់ បន្ថែមទៀត ឃាត់ខ្លួន​នៅ ចំណុច​ផ្ទះសំណាក់ ហេង​មហាសាល ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​យោងតាម​សម្តី​នារី បានអោយដឹងថា ភោជនីយដ្ឋាន តា​ឪ ចាប់ផ្ដើម​បើក​ដំណើរការ​ពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៩​យប់ ដោយមាន​នារីៗ​ក្មេង​ជាច្រើន​នៅ បំរើភ្ញៀវ​នៅ​ហាង ចំពោះ​ភ្ញៀវ ដែល​ចូលមក​ហាង ពេល​ត្រូវការ​នារី​ក្មេងៗ មក​អង្គុយ​កំដរ​និង​ទៅ​រួមភេទ​នៅ​ខាងក្រៅ គឺ​មេការ​ឈ្មោះ ឆ​យ ចន្ថា អាចធ្វើ​ការទំនាក់ទំនង តាមរយៈ​ទូរស័ព្ទ បាន​នាំ​មកអោយ​ភ្ញៀវ​មើល​និង​សម្រាប់​រួមភេទ ដោយ​ក្មេងៗ​នារី មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ១៦​ឆ្នាំ ឡើងទៅ ដោយ​ក្នុងតម្លៃ​ការ​រួមភេទ​ក្នុង​១​ដង ចាប់ពី​១០០​ដុល្លារ​ដល់ ១៥០​ដុល្លារ ។​

​ចំពោះ​លុយ​បានមក គឺ​ត្រូវ​អោយទៅ​មេខ្យល់​ចំនួន​១៥​ដុល្លារ​ទៅ​២០​ដុល្លារ បន្ថែមទៀត​នោះ មេខ្យល់​បាន​សុំ​លុយ​ធីប​ពី ភ្ញៀវ​ចំនួន​ពី ២០​ដុល្លារ​ទៅ​៥០​ដុល្លារ ជា​កម្រៃជើងសារ​ដែល​ខ្លួន​បាន​នាំ​នារី មកអោយ​រួមភេទ​ជាមួយ​ភ្ញៀវ​ផងដែរ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់​ស្ត្រី​សង្ស័យ​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​សាកសួរ និង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ធ្វើការ​អប់រំ​៕​