អ្នកស្រុកភូមិទ្រាត្បូងពង្រឹងសិប្បកម្មធ្វើចង្ក្រានឡូវលក់ចេញបោះដុំឲ្យម៉ូយផ្គត់ផ្គង់ជីវភាពក្នុងបរិបទប្រទេសមានជំងឺកូវីដ១៩

ខេត្តកំពង់ឆ្នាំង÷ ក្នុងពេលប្រទេសកម្ពុជាកំពុងមានវិបត្តិជំងឺកូវីដ១៩នេះ អ្នកស្រុកភូមិទ្រាត្បូង ឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានខិតខំពង្រឹងមុខរបរសិប្បកម្មធ្វើចង្ក្រានឡូវយ៉ាងសស្រាក់សស្រាំប្រចាំថ្ងៃដើម្បីលក់ចេញផ្គត់ផ្គង់ជីវភាពរស់នៅឲ្យបានធូរធារ។

លោកស្រី អ៊ឹម ស្រីពៅ ជាម្ចាស់សិប្បកម្មធ្វើចង្ក្រានឡូវនៅភូមិទ្រាត្បូងម្នាក់ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បាននិយាយឲ្យដឹងថា ក្នុងពេលប្រទេសកម្ពុជាមានវិបត្តិដោយជំងឺកូវីដ១៩នេះ មុខរបរធ្វើចង្ក្រានឡូវរបស់លោក ស្រីក៏ដូចជាអ្នកស្រុកក្នុងភូមិគឺបានពង្រឹងការផលិតចង្ក្រានឡូវយ៉ាងសស្រាក់សស្រាំប្រចាំថ្ងៃ ដោយមិនរារែកឡើយ ព្រោះមុខរបរនេះគឺជាឆ្នាំងបាយរបស់គាត់ដើម្បីលើក ស្ទួយជីវភាពរស់នៅឲ្យបានប្រសើរឡើង។

ដោយឡែកការផលិតចង្ក្រានឡូវនេះត្រូវការថវិកាជាដើមទុនច្រើនគឺត្រូវទិញដីឥដ្ឋមានតម្លៃក្នុងមួយគោយន្ត ថ្លៃ ១០ម៉ឺនរៀល ទិញអុស មួយម៉ែត្រគីបថ្លៃ ៣៥០០០រៀល ផេះអង្កាមមួយឡាន ៤គីប ថ្លៃ២៥ ម៉ឺនរៀល។

ដោយឡែកក៏ត្រូវជួលកម្មករចំនួន៥នាក់ ឲ្យជួយផលិតចង្រ្កាននេះផងដែរ ដោយត្រូវចំ ណាយទៅលើអ្នកចាក់ពុំចង្ក្រានមួយៗថ្លៃ៣០០រៀល អ្នកជៀរកាត់មួយៗថ្លៃ ៥០០រៀល អ្នកច្រកចង្ក្រា នមួយៗថ្លៃ ៨០០ រៀល អ្នកវ៉ៃកន្ឋាំងចង្ក្រានមួយៗថ្លៃ ៥០០រៀល និងជួលកម្មករឲ្យជួយដុតចម្អិនចង្រ្កានផងដែរ ទើបបានចង្ក្រានយកទៅលក់បោះឲ្យម៉ូយ។

ចំណែកថ្លៃចង្ក្រានលក់បោះដុំវិញនោះ គឺប្រភេទលេខ១ថ្លៃ ៦៣០០រៀល ប្រភេទលេខ ២ ថ្លៃ ៧៣០០ រៀលនិងប្រភេទលេខ ៣ មូយថ្លៃ ៨៣០០ រៀល។ ចំពោះមូយរបស់លោកស្រីវិញគឺគេបានយកលុយមកកក់ឲ្យមុនក្នុងមួយលើកៗរាប់លានរៀល គឺលោក ស្រីមានកម្លាំងធ្វើមិនទាន់ឲ្យគេផង គឺមិនពិបាកលក់ចេញឡើយ។

លោកស្រី សឹម សា វី ជាម្ចាស់សិប្បកម្មធ្វើចង្ក្រានឡូវមួយទៀតនៅក្នុងភូមិទ្រាបាននិយាយឲ្យដឹងថា ចំពោះកម្មករ ផលិតចង្រ្កានឡូវនេះមានជំនាញផ្សេងៗគ្នា មានអ្នកបោះពុម្ភចង្ក្រាន អ្នកវ៉ៃធុងចង្រ្កាន អ្នកជៀរកាត់ អ្នកច្រក អ្នកកិនដីនិងអ្នកដុតជាដើម ដែលក្នុងមួយថ្ងែៗ ពួកគាត់អាចរកប្រាក់ចំណូលបានពី៣ម៉ឺនទៅ ៤ ម៉ឺនរៀលផងដែរ ទៅតាមសមត្ថ ភាពជាក់ស្ដែង។

ប្រជាពលរដ្ឋជាអ្នកផលិតចង្ក្រាន សូមអំពាវនាវផងដែរដល់ប្រជាព លរដ្ឋខ្មែរសូមជួយគាំទ្រផលិតផលចង្រ្កានរបស់ខ្មែរ ដើម្បីឲ្យអ្នកស្រុកមានការងារធ្វើសម្រាប់ផ្គត់ផ្គង់ជីវ ភាពរស់នៅអោយបានល្អប្រសើតឡើង។

ម្យ៉ាងទៀតការផលិតចង្ក្រាននេះក៏ជាការជួយអភិរក្សកេរមរតកពីដូនតាខ្មែរឲ្យបានគង់វង្សតទៅអនាគតផងដែរ សម្រាប់កូនចៅជំនាន់ក្រោយ៕