រកឃើញ​ហើយ​! កម្មករ​២​នាក់​ ដែល​ជាប់​ក្នុង​ឃ្លាំង​ឆេះ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យដឹងថា សព​បុរស​ជា​កម្មករ​ចំនួន​២​នាក់ ត្រូវបាន​រកឃើញ​ឆេះ​ស្លាប់​ទន្ទឹមគ្នា ក្នុង​បន្ទប់ដេក​មួយ​ក្នុង​ឃ្លាំង​ស្តុក​ទំនិញ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយកន្លែង ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ចំណុចឃ្លាំង​ដី​ឡូ​តិ៍​លេខ​៥ ផ្លូវ​លេខ​៣៥៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​កម្លាំង​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មកពី​តាម​បណ្តា​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​គ្រឿង និង​គ្រឿងចក្រ​ចំនួន​២​គ្រឿង​ទៀត ចុះមក​ជួយ​អន្តរាគមន៍​កាយ​រុករក និង​បាញ់​ទឹក​ពន្លត់​អស់​ជាច្រើន​ម៉ោង រហូតដល់​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ ទើប​កាយ​រកឃើញ​សព​កម្មករ​រងគ្រោះ​ទាំង​២​រូបនោះ​។

​តាម​ប្រភពពី​បុរស​ជា​កម្មករ​ម្នាក់​ដែល​ធ្វើការ​នៅ​ឃ្លាំង​កើតហេតុ​ខាងលើ​បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ដែល​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ឃ្លាំង​ខាងលើ​រួមមាន ម្នាក់​ឈ្មោះ​សយ តារា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​កម្មករ មាន​ទីលំនៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវជា​បងថ្លៃ​របស់គាត់ និង​ម្នាក់ទៀត​គ្រាន់តែ​ដឹងថា​ឈ្មោះ វ័​ន្ត អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​នៅឯ​ខេត្តតាកែវ​ប៉ុណ្ណោះ (​មិនដែល​បាន​ស្គាល់​សាច់ញាតិ ឬ​ក្រុមគ្រួសា​របស់​ជនរងគ្រោះ​ឈ្មោះ​វ័​ន្ត នេះឡើយ​) ។​

​បច្ចុប្បន្ន សព​បុរស​ជា​កម្មករ​រងគ្រោះ​ទាំង​២​នាក់​ខាង​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច ហើយ​សមត្ថកិច្ច​ក៏​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ជនរងគ្រោះ ដើម្បី​ឱ្យមក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ ។ ព័ត៌មាន​លំ​ម្អិ​ត​នឹងមាន​ផ្សាយ​ជូន​នៅពេល​ក្រោយ​ទៀត​៕​