ស្វាយរៀង ៖ ក្មេងទំនើងពីរក្រុមជិះម៉ូតូដេញវាយគ្នា បង្កឲ្យមានការភ្នាក់ផ្អើលដល់អ្នកភូមិនៅក្នុងស្វាយរៀង កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នៅត្រង់ចំណុចរង្វង់មូលគោបួន នៅលើ បណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ក្មេងទំនើងទាំងនោះរួមមាន ៖
ទី១-ឈ្មោះ រ.វ.ស.ភ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។
ទិ២-ឈ្មោះ ហ.ស.វ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
ទី៣-ឈ្មោះ ស.ស.ហ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
ទី៤-ឈ្មោះ ជ.គ.ល ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ទី៥-ឈ្មោះ ស.ខ.វ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ។
ក្រោយពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្មេងទំនើងចំនួន២ក្រុមបានជិះម៉ូតូដេញវាយគ្នានៅត្រង់ចំណុចរង្វង់មូលគោបួន លើផ្លូវជាតិលេខ១ នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២១រួចមក ភ្លាមៗនោះ លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចុះទៅបង្រ្កាបក្មេងទំនើង ទាំង៥នាក់នោះនិងបានដកហូតវត្ថុតាងរួមមាន៖ ចម្ពាមកៅស៊ូចំនួន២ ទូរស័ព្ទចំនួន២គ្រឿង ម៉ូតូចំនួន២គ្រឿង ដំបងឈើចំនួន១ និងសម្ភារមួយចំនួនទៀត ៕