ដាក់ GPS ជាប់​រថយន្ត លុះ​តាមដាន ទាន់ប្តី​នាំ​ស្រី​ចូល​ផ្ទះសំណាក់​នៅ​ភ្នំពេញ​​ផ្អើល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ស្ត្រី​ម្នាក់​បាន​បាត់​ប្តី​យូរថ្ងៃ​ពេក ក៏​បាន​ឆែក​មើល​ប្រព័ន្ធ GPS ដែល​ជាប់​នឹង​រថយន្ត ស្រាប់តែ​ឃើញ​ប្តី​នៅ​ក្នុងផ្ទះ​សំណាក់​ជាមួយ​ស្រី​ស្នេហ៍ រួច​ក៏​នាំ​បងប្អូន​តាំងពី​ក្រុង​សិរី​សោ​ភ័​ណ្ឌ មក​ស្រែក​ឡូឡា​មុខ​ផ្ទះសំណាក់​ផ្អើល​អស់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​1​និង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា នៅ​ចំណុច​ផ្ទះសំណាក់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ស្រេ​ន អាស៊ី​ម៉ាស់ អាយុ​37​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មុខរបរ​លក់​គ្រឿងក្រអូប​នៅ​ផ្សារ​អគ្គ ក្រុង​ប៉ោយ​ប៉ែ​ត ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា គាត់​នឹង​បុរស​ជា​ប្តី​ដែល​ជា​ខ្មែរ​អ៊ី​ស្លា​ម​ដូច​គ្នា​បាន​រៀប​ការ​ជាមួយ​គ្នា​រយៈពេល​១៨​ឆ្នាំ​មក​ហើយ បង្កើត​បានកូន​៤​នាក់​ជា​ចំណងដៃ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា ការ​រស់នៅ​ជាមួយ​គ្នា​មួយ​រយៈ​ចុង​ក្រោយ ប្រមាណ​ជា​២​ឆ្នាំ​កន្លង​មកនេះ ប្តី​របស់​គាត់​ហាក់​មានការ​ប្រែប្រួល​ខុស​ប្លែក​ធ្វើ​ឲ្យ​គាត់​តាមដាន​ដឹង​ថា លួច​ទាក់ទង​ស្រី​ថ្មី​ដែល​ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ដូច​គ្នា ហើយ​គាត់​ក៏​បាន​លួងលោម​ប្តី​ខ្លួន​ឲ្យ​ឈប់​ទាក់ទង​ជាមួយ​ស្រី​ថ្មី​ទៀត រួច​គាត់​ក៏​លើកលែងទោស​ឲ្យ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ គាត់​ក៏​បាន​ប្រាប់​ប្តី​របស់​គាត់​ថា «​ទៅ​លេង​ផ្ទះ​ម្តាយ​២​ទៅ​៣​ថ្ងៃ​» មានអី​ប្តី​របស់​គាត់​ក៏​លួច​យក​ស្រី​ថ្មី​មក​ជួល​ផ្ទះ​ឱ្យ និង​លួចលាក់​នៅ​ជាមួយ​គ្នា រហូត​គាត់​តាមដាន​ជា​បន្ត រួច​ក៏​បាន​លួច​ដាក់​ប្រព័ន្ធ GPS នៅ​នឹង​រថយន្ត​របស់​ប្តី​គាត់​ម៉ាក CRV ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​2C0157 ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​បន្ត​ថា ប្តី​ប្រពន្ធ​គាត់​ក៏​ធ្លាប់​បាន​ប្តឹង​លែងលះ​នៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ​រួច​ហើយ ប៉ុន្តែ​ការ​លែងលះ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ក៏​ស្រាប់តែ​បាត់​ប្តី​ពី​ផ្ទះ​ជា​ច្រើន​ថ្ងៃ ទូរស័ព្ទ​ក៏​មិន​ចូល​ទៀត មិនដឹង​ថា ប្តី​ទៅ​ណា​នោះ​ទេ គាត់​ក៏​បាន​ឆែក​មើល​ប្រព័ន្ធ GPS នៅ​ជាប់​រថយន្ត ក៏​ឃើញ​ប្តី​ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​លើ​ផ្លូវ​កែវ​ចិន្តា ក្បែរ​នឹង​រង្វង់​មូល​ព្រហ្ម​មុខ​បួន បន្ទប់​​លេខ​31 ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ទើប​រូប​គាត់​បាន​ហៅ​បងប្អូន​ជិះ​រថយន្ត​ពី​ខេត្តបន្ទាយមានជ័យ​ឡើង​មក​ភ្នំពេញ លុះ​មក​ដល់​មុខ​ផ្ទះសំណាក់​ក៏ បាន​ស្រែក​ឡូឡា​ផ្អើល​ពេញ​ផ្ទះសំណាក់ និង​បាន​ប្តឹង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ មក​ធ្វើការ​ឃាត់​បុរស​ជា​ប្តី និង​ស្រី​ស្នេហ៍​ថ្មី​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយចង្វារ ដើម្បី​ធ្វើការ​សួរនាំ ។

ចំណែក​បុរស​ជា​ប្តី​បាន​និយាយ​ថា មូលហេតុ​ដែល គាត់​លួច​មាន​ស្រី​ថ្មី គឺ​មក​ពី​ប្រពន្ធ​របស់​គាត់​ជាមួយនឹង​បងថ្លៃ​ដែល​រកស៊ី​ចូល​ហ៊ុន​គ្នា​បើក​ក្រុមហ៊ុន​លក់​គ្រឿងក្រអូប​នោះ បាន​លួច​កេង​លុយ​របស់​គាត់​ជាង​៨​ម៉ឺន​ដុល្លារ ហើយ​ប្រពន្ធ​បាន​ចាក​ចេញពី​គាត់​ជាង​៦​ខែ​ធ្វើ​ឱ្យ​គាត់​រស់នៅ​តែ​ម្នាក់​ឯង គាត់​ក៏​បាន​ហៅ​ប្រពន្ធ​មក​វិញ​ដើម្បី​ឱ្យមក​រស់នៅ​ជាមួយ​គាត់ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម​មក​នោះ​ទេ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយ​ចង្វារ ដើម្បី​ឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ ដោះស្រាយ​បន្ត​ទៀត ៕