រាជធានីភ្នំពេញ÷ សម្តេចពិជ័យសេនា ទៀបាញ់បានមានប្រសាសន៍ថា “ករណីលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺក្រុមប្រឹក្សាវិន័យ នឹងសិក្សាស្រាវជ្រាវ រឿងនេះ ។ ប៉ុន្តែសម្តេចមិនទាន់ទទួលបានបាន របាយការណ៍នៅឡើយទេ ហើយសម្តេច បានឃើញសារព័ត៌មាន ចុះផ្សាយរឿងនេះ ហេតុនេះ ត្រូវតែពិនិត្យមើល ស៊ើបអង្កេតមើលសិន មិនទាន់សន្និដ្ឋានថា រឿងនេះវាយ៉ាងណាទេ។
បន្តិចទៀត ធ្វើការស៊ើបអង្កេតហើយ កិច្ចការទាំងអស់នេះ គឺក្រុមប្រឹក្សាវិន័យ ត្រូវតែបង្កើតឡើង សិក្សាស្រាវជ្រាវ មើលអំពីមូលហេតុ និងការខុសឆ្គងរបៀបណា រឿងលោកឧត្តមសេនីយ៍ទោនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ ដែលរងការចោទប្រកាន់ ពីស្ត្រីជាពាណិជ្ជករម្នាក់ថា បានប្រើអំពើហិង្សា គគំរាមបាញ់សម្លាប់និងបង្ខាំងនោះ ឥឡូវនេះ ក្រុមប្រឹក្សាវិន័យ នឹងសិក្សាស្រាវជ្រាវរឿងនេះហើយ ខណៈដែលមានអ្នកសម្របសម្រួល ជាមួយភាគីស្ត្រីរងគ្រោះ។
លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ ត្រូវបានអ្នកស្រី ឌួង ហេម៉ាលីស មុខរបរ ពាណិជ្ជករ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានដាក់ពាក្យប្តឹង ទៅតុលាការ ខេត្តកំពង់ស្ពឺ ពីបទប្រើហិង្សា និងបង្ខាំង ដោយខុសច្បាប់។
នៅក្នុងពាក្យបណ្តឹង របស់ស្ត្រីជាពាណិជ្ជករ បានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ នៅក្នុងរថយន្ត ដែលកំពុងជិះតែពីរនាក់ លើដងផ្លូវ ស្ថិតនៅចំណុចម្ដុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់ធឿន បានវាយដំអ្នកស្រី និងបានដកកាំភ្លើងខ្លី ភ្ជង់គំរាមមិនឲ្យស្រែក គំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់។
តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងបានចាប់បង្ខាំងទុក នៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជា នាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់វេលាម៉ោង ៧ យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាល ចុះមកអន្តរាគមន៍ រំដោះអ្នកស្រី ចេញពីផ្ទះ ដែលបានបង្ខាំងអ្នកស្រី យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
ទាក់ទងករណីនេះអ្នកព័ត៌មានយើងមិនអាចសុំការអត្ថាធិប្បាយ ពីលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ បានទេដោយគ្មានលេខទូរស័ព្ទ ៕