សិស្សសាលាពីរនាក់ចេញឆក់ តែត្រូវអស់លក្ខជាប់អន្ទាក់ប៉ូលីស!

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២ និង៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ជាបន្តបន្ទាប់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃមានទូរស័ព្ទ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០១គ្រឿង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី។

លោវរសេនីយ៍ឯក ប៊ុន សត្យា នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើរួមមាន ៖ ទី១-ឈ្មោះ​ រិទ្ធិ ច័ន្ទបុត្រ ភេទ ប្រុស អាយុ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ៣២៤ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ២០ ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២-ឈ្មោះ​ ហេង វិសាល ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅស្នាក់ នៅផ្ទះលេខ៣៥៣ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខផ្ទះជួលលេខ៣៥៣ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោវរសេនីយ៍ឯកបន្តថា ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន ៖ ម៉ូតូម៉ាកហុងដាប៊ីត ឆ្នាំផលិត២០២១ លេខតួ លេខម៉ាស៊ីន ៩០០០២០០ ពាក់ស្លាកលេខ ភ្នំពេញ ១IL ៨១៦៧ ចំនួន ០១ គ្រឿង។ ជនរងគ្រោះ ឈ្មោះ ឃឹម ប៊ុនណាក់ ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅស្នាក់់នៅផ្ទះលេខ ២៤AE៤E0 ផ្លូវលេខ ៣៧៧ ក្រុម ១១ ភូមិ ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ អ្នកសារព័ត៌មានកោះសន្តិភាព ។ សម្ភារបាត់បង់ ៖ កាបូបយួរដៃចំនួន ០១ ទូរ​ស័ព្ទដៃចំនួន ០២ គ្រឿងម៉ាកសាំសុងណូត៩ ពណ៌ ទឹកមាស មួយគ្រឿង និងម៉ាក អាយហ្វូនXS MAX ពណ៌ ទឹកមាស មួយគ្រឿង។

លោកនាយការិយាល័យ បានបញ្ជាក់បន្ថែមថា ចំពោះហេតុការណ៍គឺ កាលពីថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ៣០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃមានទូរស័ព្ទ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាប៊ីត ឆ្នាំផលិត២០២១ ពាក់ស្លាកលេខ ភ្នំពេញ១IL ៨១៦៧ គឺឈ្មោះ​ ហេង វិសាល បានបើកម៉ូតូឌុបឈ្មោះ​ រិទ្ធិ ច័ន្ទបុត្រ មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាស្កុបពី ម្នាក់ឯង ទុកកាបូបយួរដៃនៅក្នុងឃ្លុបម៉ូតូខាងមុខ ជនសង្ស័យឈ្មោះ ហេង វិសាល ក៏បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីក្នុងឃ្លុបម៉ូតូរបស់ជនរងគ្រោះ បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕