យុវជនចិត្តខ្លាំងម្នាក់ខឹងម្តាយស្តីបន្ទោសផ្ទុះ​កំហឹងយកគម្របធុងទឹកគប់គប់ទៅលើម្ដាយបណ្ដាលឲ្យរបួសលើមុខដុតខោអាវខ្ទេចត្រូវអាវុធហត្ថឃាត់ខ្លួន

ខេត្តបន្ទាយ​មាន​ជ័​យ÷យុវជនចិត្តខ្លាំងម្នាក់ខឹងម្តាយស្តីបន្ទោសឲ្យបន្តិចបន្ទួច ផ្ទុះ​កំហឹងយកគម្របធុងទឹកមកគប់ទៅលើម្ដាយបណ្ដាលឲ្យរបួសធ្ងន់ លើផ្ទៃមុខ និងដុតខោអាវខ្ទេច ត្រូវបានអាវុធហត្ថ១ក្រុមដឹកនាំដោយលោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការមូលដ្ឋាន​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត ចុះ​ទៅដល់​កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ភ័ណ និ​ត (ហៅ ជ្រូក) យកមក​មូលដ្ឋាន​អាវុធហត្ថ​ក្រុង ដើម្បី​សួរនាំ​។

នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២១ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់​ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោកវរសេនីយ៍ត្រី នួន នីនីណារ៉ូបានប្រាប់ឲ្យដឹងថា ម្តាយជនរងគ្រោះ ឈ្មោះ ដាំ ម៉ៅ អាយុ​៥៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោកបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមិនដឹងខឹងរឿងអីក្រោយពេលហូបបាយរួចខ្លួនបានប្រមូលខោអាវ​របស់ខ្លួន និង​ខោអាវ របស់​ប្អូន​ខ្លួនដុតចោលអស់នៅពេលនោះ ម្ដាយ​បាន​ស្ដីបន្ទោសនិងជេរស្រាប់តែជនសង្ស័យ ផ្ទុះ​កំហឹងខ្លាំងបានយកគម្របធុងទឹក គប់​ទៅលើ​ម្ដាយ​របស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ លើ​ផ្ទៃមុខ ហើយ​ជាំភ្នែក ខាងឆ្វេង​ទៀតផង​។

ក្រោយពីកើតហេតុ ម្តាយទៅដាក់ពាក្យប្តឹងលោកវរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានដឹកនាំកម្លាំងចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ភ័ណ និ​ត (ហៅ ជ្រូក) យកមក​មូលដ្ឋាន​អាវុធហត្ថ​ក្រុង ដើម្បី​សួរនាំ​។​

នៅមុខអាវុធហត្ថជនសង្ស័យបានឆ្លើយសារភាពថាខ្លួនមួម៉ៅខ្លាំងអារឿងដើរលេងក៏ដុតខោអាវប្អូនចោលហើយម្តាយជេរទៀតរឹតតែខឹងខ្លាំងបានស្ទុះ ទៅ​ច្របាច់ ក ម្ដាយ​ថែមទៀត​។ដោយ​ផ្អែកលើ​ចម្លើយសារភាព និង​យោងតាម​ពាក្យបណ្ដឹង ព្រមទាំង​មាន​ស្នាក​ស្នាម ជាំ​លើ​មុខ​ជនរងគ្រោះ ទើប​កម្លាំង​ការិយាល័យ បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់៕