ក្រុងសែនមនោរម្យ៖ ខ្សែគោ ខ្សែលួស ខ្សែកាប ត្រូវបានដាក់លក់គ្រប់ទីកន្លែងក្នុងតម្លៃថោកៗ ហើយសម្ភារទាំងនេះត្រូវបានកែច្នៃជាអង្គប់ និងអន្ទាក់សម្រាប់ប្រមាញ់សត្វព្រៃ ក្នុងកម្រិតវិនាសកម្ម។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បាននិយាយថា៖ «អន្ទាក់ជាឃាតករលាក់មុខ និងសម្លាប់សត្វព្រៃដោយស្ងាត់ស្ងៀមបំផុត ថ្វីដ្បិតតែអន្ទាក់មានតម្លៃថោក ងាយស្រួលរក និងងាយស្រួលដំឡើង តែវាអាចសម្លាប់សត្វដ៏មានប្រសិទ្ធភាពបំផុត។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសត្វក្រចកជើងចម្ពាមនៅតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្ដមណ្ឌលគិរី លោកបានបន្ដថា៖ «អន្ទាក់ធ្មេញដែក និងអន្ទាក់ឆក់អាចសម្លាប់សត្វព្រៃ ហើយក៏មានលទ្ធភាពអាចសម្លាប់មនុស្សផងដែរ។ ដូច្នេះ អន្ទាក់ធ្វើឱ្យព្រៃធម្មជាតិគ្មានសត្វព្រៃ»។
លោក សេង ទៀក បានឲ្យដឹងថា ក្នុងទសវត្សរ៍ទី៥០ ប្រទេសកម្ពុជា ត្រូវបានអ្នកវិទ្យាសាស្ដ្រ និងអ្នកស្រាវជ្រាវពិពណ៌នាថា ជាឋានសួគ៌របស់សត្វព្រៃក្នុងទ្វីបអាស៊ី និងជាតំបន់មួយដែលមានសត្វព្រៃច្រើនជាងគេក្នុងពិភពលោក បន្ទាប់ពីទ្វីបអាហ្វ្រិក។
លោកអះអាងថា៖ «ការលើកឡើងនេះ ក៏មានភ័ស្ដុតាងបញ្ជាក់ក្នុងភាពយន្ដឯកសារស្ដីពីការស្រាវជ្រាវសត្វគោព្រៃ ទន្សោង ខ្ទីង ក្របីព្រៃនៅកម្ពុជាដោយអ្នកវិទ្យាសាស្ដ្រជនជាតិអាមេរិកក្នុងឆ្នាំ ១៩៥១»។
អន្ទាក់មានតម្លៃថោក តែនាំមហន្តរាយច្រើនអនេក។ ថ្មីៗនេះ អង្គការ WWF ក៏បានចេញរបាយការណ៍មួយស្ដីពីវិបត្ដិអន្ទាក់តំបន់អាស៊ីអាគ្នេយ៍ និងបានប៉ាន់ប្រមាណថា អន្ទាក់ប្រមាណ ១២,៣ លានអន្ទាក់ កំពុងគំរាមកំហែងដល់ការរស់នៅរបស់សត្វព្រៃ។
លោកបានឱ្យដឹងទៀតថា៖ «តំបន់ការពារធម្មជាតិចំនួន ១១ នៅក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានប្រមូលអន្ទាក់សរុបជាង ៣៧ ម៉ឺនអន្ទាក់ ក្នុងរយៈពេល ៩ ឆ្នាំ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ «ដោយឡែកនៅកម្ពុជា យើងអត់ដឹងថា មានអន្ទាក់ចំនួនប៉ុន្មាននៅក្នុងតំបន់ការពារធម្មជាតិរបស់យើងនោះទេ។ ប៉ុន្ដែក្នុងមួយឆ្នាំៗ យ៉ាងហោចណាស់ ប្រមាណ ៥ ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិរបស់យើង»។
លោកបន្ដថា រូបភាពតាមកាមេរ៉ាតាមដានមើលឃើញថា សត្វព្រៃមួយចំនួនមានពិការភាព និងសត្វខ្លះទៀត ជើងជាប់អន្ទាក់។
អ្នកនាំពាក្យរូបនេះបានថ្លែងក្នុងដំណើរដឹកនាំក្រុមអ្នកសារព័ត៌មានទៅកាន់តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត កាលពីពាក់កណ្ដាលខែមករាថា៖ «ចំពោះអន្ទាក់ យើងមិនដឹងថា ពេលណាវាខូចនោះទេ។ អ៊ីចឹង វាលាក់មុខ រង់ចាំតែសត្វដើរមកជាប់តែម្ដង។ ជួនកាល ម្ចាស់អន្ទាក់ក៏ភ្លេចខ្លួនថា ខ្លួនឯងបានដាក់នៅកន្លែងណាថែមទៀត»។
ជាមន្ដ្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមានបទពិសោធការពារសម្បត្ដិធម្មជាតិ និងដោះស្រាយបញ្ហាអន្ទាក់ជាង ១០ ឆ្នាំ លោក មិន ធឿន បានអះអាង អន្ទាក់ស្ថិតនៅពាសពេញព្រៃ ដែលរង់ចាំប្រហារសត្វគ្រប់ពេលវេលា លើសពីការបរបាញ់អាចមានខុស និងមានត្រូវ។
មន្ដ្រីឧទ្យានុរក្សដែលវិវត្ដពីព្រានប្រមាញ់សត្វព្រៃបាននិយាយថា៖ «ពីមុន មានតែការបរបាញ់ដោយប្រើកាំភ្លើង និងការប្រហារត្រូវបានធ្វើឡើងតែលើសត្វជាជម្រើសប៉ុណ្ណោះ តែបច្ចុប្បន្ន មានអន្ទាក់ ដែលរង់ចាំប្រហារសត្វគ្រប់ទាំងអស់»។
អ្នកជំនាញអង្គការ WWF ពិនិត្យមើលឧបករណ៍ឆក់។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ជាមួយមនោសញ្ចេតនារបស់មហាជន សត្វទន្សោង ១ ក្បាល ដែលត្រូវបានមើលឃើញសម្រក់ទឹកភ្នែក ពេលជាប់អន្ទាក់ព្រានជាច្រើនថ្ងៃ មុនពេលត្រូវបានសង្គ្រោះនៅក្នុងដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន ខេត្ដឧត្ដរមានជ័យ។ ជាអកុលស ទន្សោងអភ័ព្វ ១ ក្បាលនេះ បានស្លាប់ព្រោះតែសុខភាពចុះខ្សោយ និងអាការរបួសធ្ងន់ធ្ងរ។
លោក នេត្រ ភក្ដ្រា ក៏បានលើកឡើងអំពីសត្វទន្សោង ដែលបានស្លាប់នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្ដឧត្ដរមានជ័យ ដោយសារជាប់អន្ទាក់នោះផងដែរថា វាបានជាប់អន្ទាក់ប្រមាណ ១០ ថ្ងៃ។
លោកនិយាយថា៖ «កត្ដានាំឱ្យទន្សោងនោះស្លាប់ ដោយសារ ទី១ វាអត់ចំណី ទី២ វាអត់ទឹក ដែលធ្វើឱ្យសត្វខ្សោយ។ វារើបម្រះខ្លាំង ខណៈជើងជាប់អន្ទាក់ ហើយពេលមន្ដ្រីយើងសង្គ្រោះវាមក វាបានស្លាប់បាត់បង់ជីវិត»។
លោក នេត្រ ភក្ត្រា អះអាងថា បញ្ហាគ្រោះថ្នាក់ជាងគឺ អន្ទាក់ខ្សែឆក់។ វាអាចមានប្រវែងរហូតដល់រាប់រយម៉ែត្រក្នុង ១ ខ្សែ។ ព្រានរាយដាក់ខ្សែលួសនៅតាមព្រៃ ដោយភ្ជាប់ជាមួយក្បាលអាគុយអគ្គិសនី។ ព្រាននៅពួនចាំចុចកុងតាក់អគ្គិសនីពេលឃើញសត្វព្រៃដើរកាត់លួស។ វាអាចធ្វើឱ្យស្លាប់ ឬសន្លប់។
ដោយបច្ច័យនេះ ពេលធ្វើដំណើរក្នុងព្រៃ មន្ដ្រីឧទ្យានុរក្ស
្វនុរក្ស មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដោយសារអន្ទាក់ ជាពិសេសអន្ទាក់ឆក់។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ស្ថានភាព ១០ ឆ្នាំចុងក្រោយនេះ ទន្សោងដែលជាសត្វព្រៃដ៏កម្រក្នុងពិភពលោកមានចំនួនធ្លាក់ចុះរហូតដល់ ៧២ ភាគរយនៅកម្ពុជា ដែលនៅសេសសល់ត្រឹមប្រមាណ ៨៥៦ ក្បាល នៅដែនជម្រកសត្វព្រៃទាំង។
សកម្មភាពពិនិត្យមើលលទ្ធផលការងារអភិរក្សសត្វ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០២០ សត្វឈ្លូស ជាប្រភេទសត្វកម្រមួយដែរ ធ្លាក់ចុះប្រមាណ ៥២ ភាគរយ ត្រឹមចំនួន ៣ ៣៥០ ក្បាល ខណៈជ្រូកព្រៃធ្លាក់ចុះ ១៨ ភាគរយនូវចំនួន ៤ ០១៧ ក្បាល។
លោកបានបញ្ជាក់ថា៖ «វាជានិន្នាការនៃការធ្លាក់ចុះ វាមកពីកត្ដាពិភពលោក ដែលបណ្ដាលមកពីការបាត់បង់ជម្រក ជាពិសេសអន្ទាក់ជាឃាតករលាក់មុខ ដែលប្រហារសត្វគ្រប់ប្រភេទ»។
លោកលើកឡើងថា៖ «តាមការសិក្សា នៅក្នុងឆ្នាំ ២០១០ ចំនួនសត្វព្រៃមានច្រើន ហើយចំនួនអន្ទាក់មានតិចតួច។ ប៉ុន្ដែក្រោយមក ចំនួនសត្វមានការថយចុះ ខណៈចំនួនអន្ទាក់មានការកើនឡើង។ អន្ទាក់ជាបញ្ហាប្រឈមសម្រាប់ជីវចម្រុះ ជាពិសសសម្រាប់សត្វព្រៃ»។
ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីឧទ្យានុរក្ស អង្គការដៃគូ ប្រជាសហគមន៍ ដែលបានចូលធ្វើសត្វនុរក្សនេះ តំបន់ការពារធម្មជាតិមួយចំនួនមានការកើនឡើងនូវចំនួនសត្វព្រៃដូចជា ទោចថ្ពាល់លឿង ស្វាកន្ទុយស ក្ងោក និងជ្រូកព្រៃនៅដែនជម្រកសត្វព្រៃកែវសីមា។
លោក នេត្រ ភក្ដ្រា បាននិយាយដៃកាន់សៀវភៅស្ដីពីការស្រាវជ្រាវស្ថានភាពសត្វក្រចកជើងចម្ពាម រយៈពេល ១០ ឆ្នាំថា៖ «ឆ្នាំ ២០២០ អន្ទាក់ជិត ៥ ម៉ឺន ត្រូវបានដោះចេញពីដែនជម្រកសត្វព្រៃនៅទូទាំងប្រទេសកម្ពុជាក្នុងចំណោមតំបន់ការពារ ៦៨ កន្លែង។ ដោយឡែក ក្នុងខេត្ដមណ្ឌលគិរីអន្ទាក់ជិត ១ ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងខេត្ដមណ្ឌលគិរី ដែលអាចជួយសង្គ្រោះសត្វព្រៃមួយចំនួន»។
លោក សេង ទៀក ក៏បានទទួលស្គាល់នូវលទ្ធផលការងាររបស់ក្រុមមន្ដ្រីឧទ្យានុរក្ស និងដៃគូនូវកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសនានាក្នុងដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិ។
លោកនិយាយថា៖ «ឧទ្យានុរក្សបំពេញការងារយ៉ាងមានប្រសិទ្ធភាពបំផុត។ ចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩ មន្ដ្រីឧទ្យានុរក្ស បានប្រមូលអន្ទាក់សរុបជាង ២ ម៉ឺនអន្ទាក់ អន្ទាក់ឆក់ជាង ៥ ពាន់។ ដោយឡែក ក្នុងឆ្នាំ ២០២០ អន្ទាក់ ៤ ៧៧២ អន្ទាក់ ត្រូវបានប្រមូល និងសត្វព្រៃរស់ចំនួន ១០៩ ក្បាល ត្រូវបានដោះលែង រួមទាំងជនសង្ស័យ ៤២ នាក់ ត្រូវបានចាប់ខ្លួន។
លោក នេត្រ ភក្ត្រា និង លោក សេង ទៀក (ឆ្វេងទី២)។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
មន្ដ្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានជាង ១ ២០០ នាក់ ដែលគ្រប់គ្រងតំបន់អភិរក្សព្រៃមានទំហំជាង ៧,៣ លានហិកតា ដែលស្មើ ៤១ ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា។
ដោយឡែក ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច មានមន្ដ្រីឧទ្យានុរក្ស ៥១ នាក់ និងសត្វនុរក្ស ៤៦ នាក់ និងក្រុមល្បាតសហគមន៍ ៥៨៨ នាក់ លើផ្ទៃដីជិត ៦ ពាន់គីឡូម៉ែត្រការ៉េ ក្នុងខេត្ដមណ្ឌលគិរី។
ការរ៉ាប់រងល្បាតលើវិសាលភាពផ្ទៃដីដ៏ធំធេងទាំងនេះ មន្ដ្រីឧទ្យានុរក្សចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាលជំនាញលើភារកិច្ចរបស់ខ្លួន។
លោក សេង ទៀក លើកហេតុផលថា៖ «បើសិនមានការជួយសត្វជាប់អន្ទាក់ យើងមិនអាចចេះតែចូលបាននោះទេ ជាពិសេសសត្វធំៗ ពីព្រោះពួកវាជាសត្វព្រៃ ដែលប្រយុទ្ធការពារខ្លួនវាជានិច្ច»។
ក្រុមសង្គ្រោះតម្រូវឱ្យមានថ្នាំសន្លប់សម្រាប់បាញ់សត្វជាមុន រួចការដោះអន្ទាក់ និងថែទាំនៅទីកន្លែង ឬយកទៅថែទាំនៅទីស្នាក់ការមុនពេលលែង។
លោក នេត្រ ភក្ដ្រា បានលើកឡើងថា៖ «មន្ដ្រីឧទ្យានុរក្សរបស់យើងទទួលការបណ្ដុះបណ្ដាលលើចំណេះដឹងផ្នែកច្បាប់ដែលពាក់ព័ន្ធ។ ពួកគេក៏ត្រូវយល់អំពីការសង្គ្រោះបឋមថាតើពួកគេជួយសត្វតាមរបៀបមេ៉ច បើសត្វព្រៃជួបបញ្ហា ពីព្រោះមន្ដ្រីរបស់យើងមិនត្រឹមតែការពារព្រៃប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយសង្គ្រោះសត្វជាប់អន្ទាក់ថែមទៀត»។
លោកបន្ថែមថា៖ «យើងត្រូវមានជំនាញបន្ថែម និងសម្ភារសង្គ្រោះបន្ថែម ដើម្បីក្រុមការងារដែលចុះល្បាតជាមួយគ្នា ក្នុងករណីជួបជាមួយសត្វជាប់អន្ទាក់ យើងអាចជួយទាន់ពេលវេលា»។
ជាមួយនឹងកង្វល់ពីហានិភ័យនៃការវិនាសសត្វព្រៃ និងក្ដីសង្ឃឹមក្នុងការស្ដារចំនួនសត្វព្រៃក្នុងដែនជម្រកនានា អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បញ្ឈប់ការទទួលទានសត្វសាច់ព្រៃ ហើយនិយាយថា ទេ ចំពោះសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់សត្វដោយខុសច្បាប់។
លោកបានបញ្ជាក់ថា៖ «យើងក៏សុំអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមទាំងខេត្ដស្ទឹងត្រែង រតនគិរី ក្រចេះ និងមណ្ឌលគិរី
ដូរសត្វព្រៃ និងការលក់សាច់ព្រៃខុសច្បាប់ក្នុងតំបន់របស់ខ្លួន»៕