ល្បីមេឈ្មួញឈើក្រហមឈ្មោះ ធា​ ធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចូលខេត្តកំពង់ចាម

ក្រចេះ ៖ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកព្រែកប្រសព្វ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញឈ្មោះ ធា ដែលមានខ្នងបង្អែករឹងមាំធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ ស្រុកព្រែកប្រសព្វ​ ចូលទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាមគោយន្តកន្ត្រៃជាច្រើនគ្រឿង កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ។ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញឈ្មោះ ធា ត្រូវបានគេដឹងថា មានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន​និងសមត្ថកិច្ចពាក់ព័ន្ធទើប អ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ សូម្បីតែលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តក្រចេះ ក៏មិនហ៊ានចាត់វិធានការបង្ក្រាបមេឈ្មួញឈ្មោះ ធា ដែលយកឈ្មោះមន្ត្រីធំៗមកទន្ទេញជាប់មាត់នោះដែរ។

ក្នុងមួយថ្ងៃឈ្មួញម្នាក់នេះ ដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ឆ្លងកាត់ស្រុកព្រែកប្រ​សព្វចូលទៅស្រុកស្ទឹងត្រង់ ដោយប្រើគោយន្តកន្ទ្រៃធំៗពី៣ទៅ៤គ្រឿង មិនដែលមានសមត្ថកិច្ចហ៊ានប៉ះពាល់ទេ។ ប្រជាពលរដ្ឋក្នុងស្រុកព្រែកប្រសព្វ បានឲ្យដឹងថា គោយន្តកន្ត្រៃរបស់មេឈ្មួញឈ្មោះ ធា ក្នុងមួយគ្រឿងផ្ទុកឈើបានពី​៧ទៅ៩ម៉ែត្រគូប ហើយ​អាចដឹកជញ្ជូនទៅដល់គោលដៅយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា មេឈ្មួញឈ្មោះ ធា ដឹកជញ្ជូនឈើខុសច្បាប់ច្រើនឆ្នាំមកហើយមិនដែលមានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ាន

ប៉ះពាក់ទាល់តែសោះព្រោះឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ។

បើតាមការបង្ហើបពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើ​ក្នុងខេត្តក្រចេះ បានឲ្យដឹងថា​ មេឈ្មួញឈ្មោះ ធា​ បង់លុយតាមការកំណត់របស់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃ ឈើនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ឆ្លងកាត់ស្រុកព្រែកប្រសព្វ​ ខេត្ត​ក្រចេះ ចូលទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយចែកចាយតាមដេប៉ូក្នុងខេត្តកំពង់ចាម ជាច្រើនកន្លែង។ មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការ​បង្ក្រាបមេឈ្មួញឈ្មោះ ធា ជាបន្ទាន់ដើម្បីកុំឲ្យឈ្មួញ ម្នាក់នេះប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងពេញទំហឹងតទៅទៀត។ ដោយហេតុថា មេឈ្មួញឈ្មោះ ធា​ បន្តសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគឃ្លើនហើយលោក សាន្ត ប៊ុនថាន មេបញ្ជារការងកងរាជអាវុធហត្ថខេត្តក្រចេះ សម្ងំស្ងាត់ឈឹងទៅវិញ៕