ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្រើអំពើ ហិង្សា) និង ប្រើប្រាស់សារធាតុញៀន។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប ទទួលបន្ទុកការិយាល័យ ព្រហ្មទ ណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ នឿន សម្បត្តិ អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង២១ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយពីធ្វើសកម្មភាពបានរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។
ចំណែកជនរងគ្រោះឈ្មោះ អុក ស្រីដែន ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត បច្ចុប្បន្នរស់នៅ ភូមិសង្កាត់ កើតហេតុខាងលើ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាបបន្តថា កាលពីវេលាម៉ោង១៥ និង ២០នាទីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុចភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខណៈពេលជនរងគ្រោះកំពុងនៅក្នុងផ្ទះម្នាក់ឯង ជនសង្ស័យបានផ្លោះរបងចូលក្នុងផ្ទះ ហើយធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាច្រើនដៃ និងចាប់ច្របាច់ ក បណ្ដាលឱ្យជនរងគ្រោះដួល សន្លប់ ហើយក៏លួចយកទូរស័ព្ទរចំនួន២គ្រឿងម៉ាក oppo ពណ៌ខ្មៅ ០១គ្រឿង និងម៉ាក vivo ពណ៌ខៀវ ០១គ្រឿង ហើយនិងប្រាក់ខ្មែរ៨មុឺនរៀល។
ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។ ករណីនេះដកហូតវត្ថុតាង៖ ទូរស័ព្ទ០១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ ដែលជារបស់ជនរងគ្រោះ និងកង់១ ដែលជារបស់ជនសង្ស័យជិះទៅធ្វើសកម្មភាព៕