បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាពនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្នុងដំណាក់កាលកូវីដ-១៩

ខេត្តស្វាយរៀង ៖​ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍និងជាប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនៅតំបន់ច្រកទ្វារព្រំដែន​អន្តរ ជា​តិ និងច្រក​ទ្វារ​អន្តរ​ជា​តិទូទាំងប្រទេស ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួង​ទេសចរណ៍​និងជា​ប្រធាន​លេខាធិការ​ដ្ឋា​នបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាស្តីពី បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ជូនដល់មន្ត្រីសមត្ថកិច្ចដែលប្រចាំការ​នៅ​ច្រកទ្វាររួមមាន នគរ​បាល​អន្តោប្រវេសន៍ មន្ត្រីគយនិងរដ្ឋាករ មន្ត្រីចត្តាឡីស័ក មន្ត្រីបសុពេទ្យ រដ្ឋបាល​ស្រុក​​កំពង់រោទិ៍​សរុប​ចំនួន​៦២នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលា គឺដើម្បីពង្រឹងការយកចិត្តទុកដាក់លើការងារបដិ​សណ្ឋារ​កិច្ចល្អ រួសរាយរាក់ទាក់ភ្ញៀវទេសចរនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ដែលជាច្រកទ្វារសេដ្ឋកិច្ចនិង​ទេស​ចរណ៍​មួ​យ​យ៉ាងសំខាន់ក្នុងខេត្ត ដោយធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព​ទេសចរឱ្យ​បាន​ល្អ​ប្រសើរ ព្រមទាំងមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការ​រក្សា​សន្តិ​សុ​ខ សុវត្ថិភាពទេសចរតាមគោលដៅទេសចរណ៍នានាក្នុងខេត្តនិងជាពិសេសការរៀបចំទីកន្លែងសម្រាប់​ធ្វើ​ចត្តាឡីស័កដល់ភ្ញៀវទេសចរអន្តរជាតិនិងប្រជាពលរដ្ឋខ្មែរដែលឆ្លងកាត់តាមច្រកទ្វារមួយនេះ។

​ឯកឧត្តម ហោ សារុន បានបញ្ជាក់ថា នៅក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ-១៩ដែលកំពុងឆ្លងរាត​ត្បា​ត​នៅបណ្តាប្រទេសជាច្រើនលើ​សកល​​លោកបានធ្វើឱ្យវិស័យទេសចរណ៍ វិស័យធ្វើដំណើរ វិស័យដឹកជញ្ជូន ឆ្លងកាត់ព្រំដែន​មានកផល​ប៉ពាល់​យ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២០កន្លងទៅថ្មីៗ កម្ពុជាទទួលបានទេសចរ​អន្តរ​ជា​តិ​ចំនួនប្រមាណ១,៣លាន​នាក់ ថយ​ចុះ -៨០,២% ធៀបនឹងឆ្នាំ២០១៩កន្លងទៅ ហើយភ្ញៀវទេសចរ​ក្នុង​ស្រុក​ធ្លាក់ចុះក្នុងរង្វង់ប្រមាណ២០% ជា​មួយ​ការ​បាត់​បង់​​ប្រាក់​ចំណូលប្រមាណ ៣ ប៊ីលានដុល្លារអាមេរិក​ នៅ​ ឆ្នាំ២០២០នេះ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងបាននិងកំពុងរួមគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ-១៩ ដែលនៅក្នុងបរិបទនេះ យើងត្រូវចេះរស់នៅធម្មតា​តាមគន្លងថ្មី ដោយប្រកាន់យកៈ ១.ពាក់ម៉ាស់ឱ្យ​បាន​ត្រឹម​ត្រូវ, ២.លាង​ដៃនឹងសាប៊ូ អាល់កុល, ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលដោយ​​ចាប់ពី ១ម៉ែត្រកន្លះ​ឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង ព្រមទាំងត្រូវអនុវត្ត ៣កុំ៖ ១. កុំចូល​ទៅ​កន្លែង​បិទជិត​គ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២.កុំ​ទៅ​កន្លែង​មនុស្ស​ច្រើ​ន​កុះករ, ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមាន​ផ្តាសា​យ​ ឬសង្ស័​យ​មានជំងឺកូវីដ១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម។

ឯកឧត្តមរដ្ឋលេខាធិការរូបនេះបានបន្ថែមថា សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​តែងតែ​ខិតខំយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាន​និរន្តរភាពនៃវិស័យ​ទេស​ចរ​ណ៍ ដោយបានដាក់ចេញនូវយុទ្ធ​សាស្ត្រ​​​គាំ​ទ្រ​និងសកម្មភាពឆ្លើយតបនានាដូចជា ការដាក់ចេញ​វិធាន​សុ​វត្ថិភាពទេសចរណ៍ ការជំរុញចលនា​ទេសចរណ៍​ផ្ទៃ​ក្នុង និងការរៀបចំផែនទីចង្អុល​ផ្លូវក្នុងការរៀបចំស្តារនិង​លើកស្ទួយវិស័យទេសចរណ៍​កម្ពុជា​ឡើងវិញ​ក្នុង​អំឡុ​ង​ពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩​​។ រាជរដ្ឋាភិបាល​កម្ពុ​​ជា​ដាក់ចេញ ផែនទីចង្អុលផ្លូវ​ស្តីពី​ផែនការស្តារ​ និង​លើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយ​វិបត្តិ​ជំងឺកូវីដ-១៩ ​ ដោយបែងចែកជា៣ដំ​ណាក់កាល៖ ១.ដំណាក់កាលទី១ (Resilience & Restart) សំដៅ​ការ​គ្រប់គ្រងវិបត្តិក្នុង​ដំណាក់កាល​ទម្លាប់ថ្មី និងរៀបចំការស្តារទេសចរណ៍​ឡើង​វិញ​(ឆ្នាំ២០២០-២០២១) ពីព្រោះ​ថាវិបត្តិនេះបានផ្តល់នូវឱកាស​យើងពិចារណាឡើ​ងវិញនូវប្រព័ន្ធ​សម្រាប់​ផ្តល់​​​ឱ្យវិស័យទេសចរណ៍​កម្ពុ​ជា កាន់តែមានភាពធន់និងប្រកប​ដោយនិរន្តរភាពសម្រាប់អនាគត ហើយក្នុងដំណាក់កាលនេះ យើងត្រូវរួមគ្នា​កា​ត់​បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ឱ្យបានជាអតិបរមា។ ភាពជឿជាក់និងភាពទុកចិត្តត្រូវគិតពីដើមខ្សែដល់​ចុងខ្សែ ដោយគិតចាប់ពីច្រកទ្វារអន្តរជាតិដែលភ្ញៀវទេសចរចូលមកកម្ពុជានិងបន្តបន្ទាប់ដល់សេវាកម្ម​ស្នាក់នៅ​ ហូបចុក ធ្វើដំណើរ សកម្មភាពកម្សាន្តនានារហូតដល់ការវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញប្រកបដោយ​ភាពកក់ក្តៅ។​ ២.ដំណាក់​កាល​ទី២ (Recovery) ដើម្បីស្តារឡើង​វិញ​នៃវិស័យ​ទេសចរ​ណ៍​កម្ពុជាក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ (ឆ្នាំ២០២២-២០២៣) និងកាត់​បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ឱ្យ​បាន​​ជាអតិបរិមា រាជរដ្ឋាភិបាលនឹងបន្តផ្តល់ការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍ ជំនាញឌីជីថល និងជំនាញថ្មីៗ្សារក្រោយវិបត្តិជំងឺកូវីដ-១៩ និងការខិតខំលើកកម្ពស់កិត្យានុភាព​កម្ពុជាជាគោលដៅ​ទេសចរណ៍ប្រកបដោយសុវត្ថិភាព​ក្រោយវិបត្តិ​ជំងឺកូវីដ-១៩។ ៣.ដំណាក់កាលទី៣ (Relaunch) ការ​រៀប​​ចំឆ្ពោះទៅអនាគតថ្មី (ឆ្នាំ២០២៤-២០២៥) នៃវិស័យទេសចរណ៍កម្ពុជាសំដៅទាញ​យកផល​ប្រយោជ​ន៍​​ពីការ​អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានជាអតិបរិមាប្រកបដោយនិរន្តរភាព និងការ​ទទួលខុសត្រូវឱ្យបាន​លើស​មុនពេលវិបត្តិ ដោយចាប់យកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ កសាងអនាគតនៃ​វិស័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេសចរណ៍កម្ពុជា​ឱ្យ​មាននិរន្តរភាព គុណភាព និងវៃឆ្លាត។
ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើដល់សមត្ថកិច្ចច្រកទ្វារទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើ​បដិសណ្ឋារកិច្ច ស្វាគមន៍ភ្ញៀវទេសចរដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ទន់ភ្លន់ ​តែម៉ឹងម៉ាត់ក្នុង​ការ​ងារ​​ព្រមទាំងបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ទប់ស្កាត់ និងបង្ការការនាំចូល វីរុសកូវីដ-១៩ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា៕