ថ្ងៃសែនដកជើងធូបឆេះសិប្បកម្មផលិតខ្នើយផ្អើលទាំងព្រឹក

កណ្តាល ៖ ជាងផ្សារធ្នឹមឃ្លាំងសិប្បកម្មមិនប្រុងប្រយត្ន័ធ្លាក់ផ្កាភ្កើងលើកំទេចក្រណាត់សម្រាប់ធ្វើខ្នើយឆេះផ្អើលឡានទឹកចេញសង្គ្រោះទាំងព្រឹក។

លោកវរៈសេនីយ៍ឯក ផាន់ វ៉ាន់នី នាយការរិយាល័យបង្ការ ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា គ្រោះអគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទីព្រឹក ថ្ងៃទី០៥ កុម្ភៈ ២០២១ នៅក្នុងឃ្លាំងស្តុកកំទេចក្រណាត់ សិប្បកម្មផលិតខ្នើយ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិដើមគ.សង្កាត់ដើមមៀន.ក្រុងតាខ្មៅ ដែលមានម្ចាស់ ឈ្មោះ ឈិម ប៊ុនធិន ប្រុស អាយុ៣៧ ឆ្នាំ ។

លោកនាយការិយាល័យ បានបន្តថា នៅមុនពេលកើតហេតុ ម្ចាស់ទីតាំងបានជួលជាងផ្សារដែរ អោយមកផ្សារធ្នឹមឃ្លាំង ខណៈកំពុងតែផ្សា ក៏ធ្លាក់ផ្កាភ្លើងលើកំទេចក្រណាត់ដែលនៅខាងក្រោម ក៏បណ្តាលអោយឆាបឆេះជាអណ្តាតភ្លើងឡើង។ ហើយម្ចាស់ក៏ស្រែកឆោឡោឡើង អ្នកជិតខាងក៏គ្នាមកជួយពន្លត់ និងបានទូរសព្ទ័មកសមត្ថកិច្ច យើងក៏បានចេញរថយន្តពន្លត់អគ្គីភ័អន្តរាគមន៍ភ្លាមៗផងដែរ ទើបអាចគ្រប់គ្រងសភាពការបាន។ ហើយដោយសារកំទេចក្រណាត់ឆេះងំ នោះកម្លាំងយើងបានប្រើប្រាស់ទឹកអស់២រថយន្ត និងចំណាយពេលអស់១ម៉ោង ទើបរលត់ជាស្ថាពរ នៅវេលាម៉ោង០៩និង១៥នាទីព្រឹកដដែល។ ដោយខូចខាតកំទេចក្រណាត់ដែលស្តុកទុកស្ទើរទាំងស្រុង ហើយចំណែកឯឃ្លាំងវិញគ្រាន់ឆេះរោលខ្លោចប៉ុណ្ណោះ ហើយក៏មិនមាននរណាម្នាក់រងរបួសនោះដែរ។

តាមការអោយដឹងពីអ្នកជិតខាងបានប្រាប់ថា ប្រសិនបើឡានទឹកមកជួយបាញ់ពន្លត់មិនទាន់ទេនោះ មិនដឹងរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលនៅក្បែរខាង អស់ប៉ុន្មានខ្នងនោះទេ ហើយនេះក៏ជាលើកទី៤ផងដែរ ដែលឃ្លាំងស្តុកកំទេចក្រណាត់នេះរងការឆាបឆេះ។