មិនដល់១ខែផង ផ្កាយ១ ហេង គាហុង ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញហើយ

ខេត្តកណ្ដាល ៖ គិតតាំងពីថ្ងៃកើតហេតុ រហូតមកត្រឹមពេលដែរ លោកផ្កាយ១យោធា ហេង គាហុង មានសេរីភាព មកខាងក្រៅវិញ នៅមិនទាន់បាន១ខែនោះទេ មហាជនលើកជាមតិថា វាហាក់បីដូចជាលឿនហួសស្មាន ដែលជនបង្កបទល្មើសព្រហ្មទណ្ឌ ហើយមហាជនស្អប់ខ្ពើម ទង្វើនោះបំផុត បែរជាមកឆាប់មានសេរីភាព ងាយស្រួលបែបនេះទៅវិញ ។

យោងតាមប្រភពមួយ បានបង្ហើបអោយដឹងថា ហេង គាហុង ជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ដែលដកកាំភ្លើងវាយក្បាលសន្តិសុខបណ្ដាលឲ្យរងរបួស បែកក្បាល ដួលស្ដូកស្ដឹង មុខមន្ទីរពេទ្យរបស់ខ្លួន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នោះត្រូវបានចៅក្រមមួយរូប នៃសាលាដំបូងខេត្តកណ្ដាល ចេញដីកាដោះលែង ឲ្យមានសេរីភាពវិញហើយ កាលពីចុងខែមករាឆ្នាំ២០២១នេះ ។

គួររំឮកថា កាលពីថ្ងៃកើតហេតុ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លោកផ្កាយ១ ហេង គាហុង បានដកកាំភ្លើងវាយក្បាលសន្ដិសុខឯកជនម្នាក់ បណ្ដាលឲ្យបែក ដួលក្នុងថ្លុកឈាម ផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូ របស់ជនបង្ក ។ បន្ទាប់មក រូបភាពអំពើហឹង្សាដ៏អាក្រក់នោះ បានផ្សព្វផ្សាយ ប្រតិកម្មនៅ តាមបណ្ដាញសង្គមហ្វេសបុក បង្កឱ្យមហាជនស្អប់ខ្ពើម នូវទង្វើបែបនេះយ៉ាងខ្លាំង។

ភ្លាមៗ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះឃាត់ខ្លួនលោក ហេង គាហុង និងកសាងសំណុំរឿងដើម្បីបញ្ជូន ទៅកាន់សាលាដំបូងខេត្តកណ្ដាល ផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន ។ ជាបន្តបន្ទាប់ តុលាការក៏សម្រេចផ្តន្ទាទោសនិងឃុំខ្លួនតាមផ្លូវច្បាប់ ប៉ុន្តែមិនបាន១ខែផង បានចេញមកវិញហើយ ៕