នៅពាក់កណ្តាលខែសីហានេះ គណៈកម្មការអឺរ៉ុបនឹងធ្វើសេចក្តីសន្និដ្ឋានមួយ ស្តីពី EBA សម្រាប់កម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar បានថ្លែងតាមរយៈអ៊ីមែល នៅព្រឹកថ្ងៃទី២ ខែសីហា នេះថា «ចាប់ពីថ្ងៃទី ១២ សីហាខាងមុខនេះតទៅ គណៈកម្មការអឺរ៉ុបនឹងរៀបចំធ្វើសេចក្តីសន្និដ្ឋានមួយ ក្រោយពីបញ្ចប់នីតិវិធីរយៈពេល៦ខែ ក្នុងការឃ្លាំមើល និងពិភាក្សាគ្នាផ្ទៃក្នុងរបស់ខ្លួន»។

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន កាលពីថ្ងៃព្រហស្បតិ៍ បានជួបទ្វេភាគីជាមួយលោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ផ្នែកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប នៅទីក្រុងបាងកក ប្រទេសថៃ នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២។ នេះបើតាមការបញ្ជាក់របស់លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស ប៉ុន្តែលោកបានបដិសេធធ្វើអត្ថាធិប្បាយលម្អិតអំពីប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ។
បើទោះបីជាសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា មិនបានបញ្ជាក់ពីជំនួបក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើក ទី៥២ នេះថា បានផ្តោតទៅលើប្រធានរឿងអ្វីក្តី ប៉ុន្តែលោកស្រី Federica Mogherini បានប្រាប់បណ្តាញព័ត៌មាន ASIAN Nikkei កាលពីថ្ងៃអង្គារ ថា លោកស្រីនឹងផ្តោតលើបញ្ហា EBA។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar បានថ្លែងថា «ក្នុងរយៈពេល៣ខែ គណៈកម្មការអឺរ៉ុប នឹងបង្ហាញការសន្និដ្ឋាននោះ ដល់អាជ្ញាធរកម្ពុជា ដែលពួកគេមានពេល១ខែសម្រាប់ឆ្លើយតប»។ បន្ទាប់ពីនោះមក ការសម្រេចចិត្តមួយ នឹងត្រូវធ្វើឡើង ដោយគណៈកម្មការអឺរ៉ុប ថាតើ ត្រូវផ្អាកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា ផ្អាកទាំងស្រុង ឬមួយក៏មិនផ្អាក?

គួរជម្រាបថា ចាប់តាំងពីខែមីនា ឆ្នាំ២០១៩ មក សហភាពអឺរ៉ុបបានបញ្ជូនគណៈប្រតិភូយ៉ាងតិចចំនួនពីរលើក មកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រមូលព័ត៌មាន និងស្វែងរកការពិតពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា មុនពេលចាប់ផ្តើមនីតិវិធីនៃការសម្រេចចិត្តរបស់ខ្លួន ក្នុងការដក ឬ ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ និងបន្ទាប់ពីបានផ្តល់អនុសាសន៍ឲ្យកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សអស់ជាច្រើនខែរួចមក។សហភាពអឺរ៉ុបដែលបានរិះគន់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមានការរំលាយគណបក្សប្រឆាំង និងការចាប់ខ្លួន ប្រធានអតីតគណបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារតាំងពីខែកញ្ញា ឆ្នាំ ២០១៧ មកម្ល៉េះ។

ក្នុងអំឡុងពេលនោះដែរ នៅថ្ងៃទី៥ ខែមីនា ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានរិះគន់សហភាពអឺរ៉ុប អំពីដំណើរការសម្រេចត្រួតពិនិត្យ EBA ពីកម្ពុជា និងបានហៅដំណើរការនេះថា «គឺជាការអនុវត្តន៍នូវស្តង់ដារពីរ មកលើកម្ពុជា»៕