ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី៧ខែសីហានេះបានអញ្ជើញទៅកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមជាមួយរដ្ឋមន្ត្រីការបរទេស និងអ្នកតំណាងផ្សេងទៀត របស់ប្រទេសសមាជិកអាស៊ាន ក្នុងពិធីសម្ពោធជាផ្លូវការនូវអគារថ្មី របស់លេខាធិការដ្ឋានអាស៊ាន តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី_(Retno Marsudi) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីដែលនឹងប្រារពធ្វើនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ពិធីសម្ពោធនេះ ប្រព្រឹត្តទៅចំខួបលើកទី៥២ឆ្នាំ នៃការបង្កើតអាស៊ាន។ លើសពីនេះ ក៏នឹងមានរៀបចំការតម្លើងប្រអប់ពេលវេលា ដើម្បីរក្សាទុកនូវសារលិខិត របស់ បណ្តាថ្នាក់ដឹកនាំអាស៊ាន ដែលរៀបរាប់ពីក្តីសង្ឃឹម និងការរំពឹងទុក មកលើអាស៊ាន នៅចំពេលខួបលើកទី៧៥ឆ្នាំ នៃការបង្កើតអាស៊ាន នៅឆ្នាំ២០៤២ ខាងមុខផងដែរ។
ការសម្ពោធអគារលេខាធិការដ្ឋានអាស៊ានថ្មីនេះ បង្ហាញឲ្យឃើញនូវតួនាទីកាន់តែកើនឡើងរបស់លេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលកំពុងវិវត្ត ក្នុងសកលលោក និងក្នុងតំបន់ ក៏ដូចជាក្នុងការកសាងសហគមន៍អាស៊ាន ដែលមានសសរស្តម្ភបីគឺ៖ សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌៕