បន្ទាយមានជ័យ ៖ អភិបាលក្រុង សិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បានប្រកាសថា នឹងចាត់ការក្តៅលើសំណង់ អ្នកពុះដីល្វែង និងអ្នកចាក់ដីលុបបឹងបួរ ប្រឡាយនិងចំណីស្ទឹងអត់ច្បាប់ ។លោកប្រកាសឡើងបែបនេះ ខណ:ដែលលោក រួមនឹងមន្ត្រីជំនាញ សមាជិក ក្រុមប្រឹក្សា ក្រុង ចុះពិនិត្យមេីលដោយផ្ទាល់ទីតាំងចាក់ដីរំលោភលុបហាតស្ទឹងសិរីសោភ័ណ នៅចំនុចស្ពានទឹកថ្លា ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៩ ។
នៅពេលចុះពិនិត្យនោះដែរលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង ក៏បានចាត់វិធានការក្តៅមិនឲ្យមានការចាក់ដីលុបមាត់ស្ទឹងនៅចំនុចទៅខាងលេីដែលជាដីចំណីស្ទឹង ទៀតទេ ដែលកន្លងទៅអ្នកដែលកាយដីចាក់នៅចំនុចខាងលេីត្រូវបានគេស្គាល់ឈ្មោះ ផេង ហ៊ួ រ ដែលបានកាយដីចាក់លុបបំរ៉ុងធ្វេីជាកម្មសិទ្ធរបស់ខ្លួន ដែលជាដីចំណីមាត់ស្ទឹងរបស់រដ្ឋ ដោយគ្មានខ្លាចរអាអាជ្ញាធរ នឹងច្បាប់ទាល់តែសោះ ដោយបានយកឈ្មោះថ្នាក់ដឹកនាំមកប្រេី ។
តែដោយទទួលបានអនុសាសន៍ណែនាំពីគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី លោកអភិបាលក្រុងក៏បានចាត់វិធានការយកគ្រឿងចក្រ អេស្កាវ៉ាទ័រ ដេីម្បីកាយដីនោះចេញបេីកមុខទឹក នឹងស្តារដីដែលចាកលុបចេញផងដែរ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានបញ្ជាក់ថា ៖ ការចុះអនុវត្ត នឹងចាត់វិធានការនេះមិនមែនធ្វេីតែមួយកន្លែងនោះទេ គឺធ្វេីទាំងអស់នៅក្នុងក្រុង នៅទីតាំងណាដែលរំលោភយកដីរដ្ឋ ចាក់ដីលុបស្ទឹងជាដេីម ពិសេសដោយអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត លេខ២៨៦/១៩ សសរ ស្តីពីការបង្កេីនគណៈកម្មការដេីម្បីត្រួតពិនិត្យទីតាំងពុះបំបែកដីល្វែង និងទប់ស្កាត់ការចាក់ដីបំពេញអាចម៍ដីពុំមានលិខិតអនុញ្ញាត នៅក្នុងក្រុង/ស្រុកនៅក្នុងខេត្តបន្ទាយមានជ័យ ។ ពោលគឺចាប់ពីពេលនេះតទៅលោកនឹងចុះអនុវត្តទាំងអស់ដោយមិនមានការលេីកលែងឡេីយ ដោយក្នុងនោះចំពោះសំណង់ ទីតាំងចាក់ដី ទីតាំងបុរី ទីតាំងពុះបំបែកដីល្វែង ដែលមាននៅក្នុងក្រុងដែលគ្មានច្បាប់លោកនឹងចាត់វិធានការ បេីនៅតែរឹងរូសមិនស្តាប់ នឹងមានវិធានការក្តៅដោយមិនលេីកលែងជាដាច់ខាត គឺត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ ៕