ភ្នំពេញ ៖ ដូចកាលកំណត់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា នេះ បានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ របស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានសមាជិកចូលរួមប្រជុំចំនួន៥៦រូប។ សមាជិកព្រឹទ្ធសភា បានគាំទ្របោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុ សារិទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាថ្មី។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភា បានថ្លែងបា្រប់ អ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនេះថា អនុលោមតាមមាត្រា៤ និងមាត្រា៥ នៃច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងយោងលិខិតលេខ៖ ១៣៥៩ កយ.រប/១៩ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើសុំឱ្យព្រឹទ្ធសភា ជ្រើសរើសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន០១រូប ជំនួស លោក អ៊ុ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។
អង្គប្រជុំព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង លោក អ៊ុ សារិទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន៥០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ចំណែក ឯកឧត្តម គង់ សារិទ្ធ ទទួលបានសម្លេងគាំទ្រចំនួន៦សំឡេង។
លោក ម៉ម ប៊ុននាង ក៏បានបញ្ជាក់ទៀតថា សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា ក៏បានទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី សម្រាប់នីតិកាលទី៤ ចំនួន០៣រូប ក្នុងនោះមាន៖ ព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជំនួសសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ដែលបានសុំលាឈប់។
លោក ញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុងនិងខេត្តព្រះសីហនុ ជំនួស លោក ឡាយ អ៊ីពិសិទ្ធ ដែលបានទទួលមរណភាព និង លោក ឡៅ ឆន ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិនជំនួស លោកជំទាវ ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាពកាលពីពេលកន្លងទៅនេះ៕