ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្សារសិនជូរីផ្លាហ្សា លើសួនកុមាពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិតាងួនយ៉ាងទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានហេតុកណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយស្ត្រីម្នាក់ បានវាយធ្វើបាបកូនស្រីតូចៗ២នាក់ បណ្តាលឲ្យរងរបួសជាំពេញខ្លួន ដោយសារខឹងរឿងដើររកប្តីចុងមិនឃើញ ទើបបញ្ចេញកំហឹងដាក់មកលើកូន។ នេះបើតាមសាក្សីម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទាល់។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីជាម្តាយដែលវាយកូនៗឲ្យរបួសនោះមានឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិចំបក់២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើត នៅភូមិកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែក កូនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ វ៉ាន់ ស្រីស្រស់ ភេទស្រី អាយុ៩ឆ្នាំ រងរបួសជាំស្មា និងពកក្បាល និងកូនទី២-ឈ្មោះ ស៊ិន កញ្ជនា ភេទស្រី អាយុ១១ខែ មានសភាពស្លេកស្លាំង និងក្តៅខ្លួន ត្រូវបានសមត្ថកិច្ចដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យកុមាជាតិ។
មូលហេតុដែលម្តាយវ៉ៃ ពេលនោះ កូនបងបាននិយាយប្រាប់ថា ម្តាយរបស់គាត់ស្រវឹងស្រា បានដើររកប្តីចុងមិនឃើញ ក៏បញ្ចេញកំហឹងវ៉ៃកូនបែបនេះឡើង។ ប្រភពដដែលបានបញ្ចាក់ប្រាប់ថា ស្រ្តីខាងលើ មានប្តី២ មានកូន៣នាក់ ប្តីទី១បានលែងលះគ្នាដាច់ស្រាច់ ហើយបានយកកូនមួយទៅចិញ្ចឹម ក្រោយមកក៏មានប្តីហេងស៊យមួយទៀត ជូនឃើញជូនបាត់ ទើបធ្វើឲ្យស្ត្រីខាងលើ ផឹកស្រាស្រវឹងកើតរោគចិត្តវ៉ៃកូនបែបនេះឡើង។
ខណៈមកដល់ប៉ុស្តិ៍ ស្រ្តីខាងលើក៏បានអុកឡុកពេញប៉ុស្តិ៍វ៉ៃកៅអី កង្ហាបាក់បែកធ្វើឲ្យសមត្ថកិច្ចសម្រេចចចិត្តដាក់ខ្នោះតែម្ដង។ ក្រោយមក សមត្ថកិច្ចបានអប់រំណែនាំឲ្យស្រ្តីខាងលើ ឲ្យឈប់វ៉ៃកូនទៀត ហើយក៏ឲ្យស្ត្រីខាងលើត្រឡប់ទៅផ្ទះវិញដើម្បីនាំកូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕