ក្រសួងសុខាភិបាល ព្រមានចាត់ការម្ចាស់ហ្វេសប៊ុក La Ret Store

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅក្នុសប្តាហ៍នេះ បានប្រកាសជូនដំណឹងដល់សាធារណជនដោយហាមប្រាមមិនឲ្យប្រើប្រាស់ផលិតផលជាច្រើនប្រភេទដែលផ្សព្វផ្សាយលក់នៅក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ La Ret Store ។

ក្នុងសេចក្តីជូនដំណឹង បានឲ្យដឹងថា គណនីហ្វេសប៊ុកមួយឈ្មោះ La Ret Store កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង ជាច្រើនមុខ គឺជាការធ្វើអាជីវកម្មដោយគ្មានចុះប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាល នោះឡើយ មានដូចជា ៖ ១ SK-II Genoptics Aura Essence , ២ SK-II R.N.A Powder , ៣ SK-II Genoptics Sport Essence , ៤ PITERA Aura Kit , ៥ SHISEIDO Future Solution LX , 6 The Collagen Relacle និង ផលិតផលសម្អាងជាច្រើនទៀត ។

ក្រសួងសុខាភិបាល ក៏បានពន្យល់ថា ដើម្បីចៀសវាងខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹង ដល់សាធារណជន បញ្ឈប់ការប្រើប្រាស់ ផលិតផលខាងលើនេះ ជាបន្ទាន់ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសបញ្ជាឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ La Ret Store បញ្ឈប់ជាបន្ទាន់នូវការប្រកាសផ្សព្វផ្សាយលក់ ចែកចាយ ផលិតផលខាងលើនេះបន្តទៀត ហើយប្រមូលផលិតផលទាំងនេះមកវិញ ដើម្បីកម្ទេចចោល ហើយថា ក្រសួងនឹងមានវិធានការតាម ចំពោះម្ចាស់គណនី La Ret Store នេះ តាមច្បាប់ជាធរមាន ។

សេចក្តីប្រកាសដដែលនេះ បានបញ្ជាក់ថា ករណីបានឃើញអ្នកប្រើប្រាស់ លក់ ឬ ចែកចាយផលិត ផលខាងលើនេះ សូមផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បិរក្ខាពេទ្យ និងគ្រឿងសម្អាង តាមរយៈទូរស័ព្ទលេខ ៖ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ដើម្បីសមត្ថកិច្ចចុះចាត់ការតាមផ្លូវច្បាប់៕