ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នេះថា «យោងតាមច្បាប់កម្ពុជា ការចាប់ខ្លួនទណ្ឌិតយកមកអនុវត្តទោស អាចធ្វើបានគ្រប់ពេល បើទោះបីជាត្រូវនឹងថ្ងៃឈប់សម្រាកក៏ដោយ ហើយអ្នកដែលកំពុងស្ថិតក្នុងរង្វង់ទណ្ឌិត ក៏ត្រូវសមត្ថកិច្ចអនុវត្តច្បាប់ដូចគ្នាដែរ។
ការថ្លែងបែបនេះ របស់អ្នកនាំពាក្យអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងភ្លាមៗនៅក្រោយពេល លោក សម រង្ស៉ី បានប្រកាសពីក្រៅប្រទេស អំពីកាលបរិច្ឆេទត្រឡប់មកកាន់ប្រទេសកម្ពុជា ជាថ្មី ម្តងទៀត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា លោក និងថ្នាក់ដឹកនាំ អតីតគណ បក្សសង្រ្គោះជាតិ ដែលនៅក្រៅប្រទេស នឹងវិលត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលចំនឹងថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា។
គេនៅចាំបានថា លោក សម រង្ស៉ី កំពុងមានក្តីក្តាំនៅតុលាការជាច្រើនករណី ហើយក៏ត្រូវបានតុលា ការ កាត់ទោសជាបន្តបន្ទាប់រួចទៅហើយផងដែរ ក្នុងនោះមានសំណុំរឿងព្រហ្មទណ្ឌដូចជា ត្រូវ តុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពាក់ព័ន្ធ នឹងករណីក្លែងឯកសារព្រំដែនកម្ពុជា – វៀត ណាម និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ចំពោះករណីបរិហារកេរ្តិ៍ បទញុះញង់ និងករណី ផ្សេងៗជាច្រើនទៀត។
សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលលោក សម រង្ស៊ី បានប្រកូកប្រកាសថា នឹងវិល មកកម្ពុជាវិញ ដែលពេលកន្លងទៅ បានប្រកាសប្រាប់មហាជនជាតិ និងអន្តរជាតិថា ខ្លួននឹងវិល ត្រឡប់មកប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០១៩ ទោះជាប្រឈមនឹងការចាប់ខ្លួន យកទៅអនុវត្ត ច្បាប់យ៉ាងណាក៏ដោយ។ ការផ្លាស់ប្តូរពេលវេលាម្តងហើយម្តងទៀត ម្តងថាមកខែនេះ ម្តងថាមក ឆ្នាំនោះ ម្តងថា មិនប្រាប់ថ្ងៃពិតប្រាកនៃការវិលត្រឡប់ បានបង្ហាញពីភាពមិនប្រាកដប្រជាក្នុងល្បែងនយោបាយច្រំដែលៗ ដែលលើកនេះ ត្រូវបានគេចាត់ទុកថា ក៏មិនខុសអ្វីពីលើកមុនៗដែរ។
ទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩ កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីត្រៀមកម្លាំងអនុវត្តដីការបស់តុលាការ សម្រាប់ការ ចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បើសិនទណ្ឌិតរូបនេះហ៊ានចូល ប្រទេសកម្ពុជា៕