ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម ប៊ិញមិញ នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញទស្សនកិច្ចការងាររាជធានីភ្នំពេញ ដើម្បីធ្វើជាសហប្រធានជាមួយលោក ប្រាក់ សុខុន ដែលនឹងបើកកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព កិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធិភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅក្នុង វិស័យនានា។កិច្ចប្រជុំនេះក៏នឹងផ្តល់កាលានុវត្តភាពសម្រាប់ភាគី ទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោក ផាម ប៊ិញមិញ នឹងអញ្ជើញចូលជួបសម្តែងការគួរ សម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាផងដែរ៕