នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើទស្សនកិច្ចនៅវៀតណាម ផ្តោតលើការទាក់ទាញវិនិយោគិន

ភ្នំពេញៈ នៅខែក្រោយនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដោយផ្តោតសំខាន់លើការទាក់ទាញពាណិជ្ជករវៀតណាមឲ្យចូលមកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត។

នៅក្នុងជំនួបពិភាក្សានៅវិមានសន្ដិភាពជាមួយមន្ត្រីការទូតជាន់ខ្ពស់ប្រទេសវៀតមានលោក ផាម ប៊ិញមិញ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាសម្តេច ហ៊ុន សែន បានបញ្ជាក់ពីបំណងចង់ឱ្យវៀតណាមរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាមមួយនៅពេលដែលសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសនៅខេក្រោយនេះ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បន្ទាប់ពីសម្តេចបានជួបពិភាក្សាជាមួយលោក ផាម ប៊ិញមិញ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី២០ ខែសីហា។

ទំព័រហ្វេសប៊ុកបានបញ្ជាក់ថា៖ «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានស្នើឱ្យថ្នាក់ដឹកនាំ វៀតណាមរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅពេលដែលដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេស វៀតណាម អំឡុងខែកញ្ញាខាងមុខ ដើម្បីជាឱកាសនៃការកៀរគរអ្នកវិនិយោគវៀតណាមមក វិនិយោគនៅក្នុងប្រទេសកម្ពុជា»។

ទោះជានេះក្តី សម្តេចតេជោ ហ៊ុន សែន មិនបានប្រកាសឲ្យដឹងអំពីរបៀបវារៈផ្សេងទៀតដែលនឹងត្រូវលើកយកទៅ ពិភាក្សាជាមួយភាគីវៀតណាមនៅក្នុងដំណើរទស្សនកិច្ចនាខែក្រោយនេះទេ៕