ក្រសួងការងារហាមជនបរទេសនៅកម្ពុជា មិនឲ្យប្រកបការងារ១០ប្រភេទ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា នេះ បានចេញនូវប្រកាសស្តីពីការកំណត់ប្រភេទមុខរបរ និងការងារដែលត្រូវហាមឃាត់ ចំពោះជនបរទេស ដោយកំណត់ នូវប្រភេទមុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ចំពោះជនបរទេស ក្នុងការប្រកបមុខរបរ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រកាសដដែលបានបញ្ជាក់ថា បុគ្គលស្វ័យនិយោជន៍សំដៅដល់ជន ដែលប្រកបការងារឬ មុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្មួល ប្រាក់បៀវត្ស ដែលផ្តល់ដោយនិយោជក ឬ រដ្ឋតាមកិច្ចសន្យាការងារ។

ត្រូវហាមឃាត់សកម្មភាពស្វ័យនិយោជន៍ ដោយជនបរទេស នូវ មុខរបរ និងការងារដូចខាងក្រោម ៖ ទី១អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្ម មានជាអាទី អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹក អ្នកដំណើរនិងដឹកទំនិញ, ២. អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ នៅទីសាធារណៈ , ៣. អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ ,៤. អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស,៥. អ្នកផ្តល់សេវាកម្មដែរ និងសម្លាតស្បែកជើង,៦. អ្នកកាត់ដេរ ,៧. អ្នកប៉ះកង់ ជាងជួសជុលយានយន្ត ,៨. អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ,៩. អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប និង ១០. ជាងទង ជាងច្នៃត្បូងពេជ្រ។

មួយវិញទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមិនផ្តល់ ឬ មិនបន្តសុពលភាព យកសៀវភៅការងារដល់ជនបរទេស ដែលកំពុងប្រកបមុខរបរ និងការងារដូចមានកំណត់ខាងលើ នៃប្រកាសនេះ។ ជនណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ នៃប្រកាសនេះ ត្រូវធ្វើការពិន័យជាប្រាក់និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបទប្បញត្តិជាធរមាន។ ហើយបទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសនេះ ទុកជានិរាករណ៍ៈ៕