រដ្ឋមន្ត្រីទេសចរណ៍ជួបពិគ្រោះយោបល់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ព្រឹកថ្ងៃទី២៨ សីហា នេះបានជួបពិគ្រោះយោបល់ជាមួយ បណ្តាក្រុមអាកាសចរណ៍ក្នុងស្រុកចំនួន៥ ប្រយោជន៍ធ្វើការសហការក្នុងការផ្សព្វផ្សាយទៅកាន់គោលដៅធំៗអំពី ទេសចរណ៍របស់ប្រទេសកម្ពុជា ដោយក្រសួងទេសចរណ៍បានបង្ហាញនូវយុទ្ធសាស្ត្រមួយចំនួនជូនបណ្តាក្រុមហ៊ុន អាកាសទាំង៥ យកទៅពិចារណា និងចូលរួមក្នុងសកម្មភាពដែលក្រសួងទេសចរណ៍បាន និងកំពុងរៀបចំ។

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅក្រោយកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រី ថោង ខុន ថា វិស័យទេសចរណ៍ របស់យើងមិនអាចរីកចំរើនទៅបានទេ បើគ្មានការគាំទ្រពីវិស័យដឹកជញ្ជូន វាជាបញ្ហាមួយដ៏ធំ ប្រសិនបើគ្មានការ សហការពីវិស័យដឹកជញ្ជូនទេនោះ វិស័យទេសចរណ៍ គឺមិនអាចរីកចំរើនបានទេ ដូច្នេះការសហការជាមួយវិស័យ អាកាសចរណ៍នេះជារឿងសំខាន់ខ្លាំងណាស់។

លោក ថោង ខុន បានបន្ថែមថា ក្នុងនាមអ្នកប្រឹក្សាយោបល់ យើងនឹងផ្តល់យោបល់ទៅបណ្តាក្រុមហ៊ុន អាកាសចរណ៍ទាំងនោះក្នុងប្រយោជន៍ដើម្បីពង្រឹងបំរើសេវាឱ្យបានល្អ ដោយសុំកុំឱ្យមានការពន្យាពេល ឬមានការ លប់ចោលជើងហោះហើរជាដើម និងជាពិសេសនៅក្នុងជើងយន្តហោះគឺត្រូវពង្រឹងសេវានៅក្នុងយន្តហោះឱ្យបានល្អ រួមទាំងការផ្សព្វផ្សាយពីបញ្ហាទេសចរណ៍របស់កម្ពុជាទៅកាន់ភ្ញៀវ ដែលកំពុងជិះនៅក្នុងយន្តហោះរបស់ខ្លួនជាដើម ផង។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានឱ្យដឹងថា តាមរយៈកិច្ចពិភាក្សាគ្នាកាលពីព្រឹកមិញនេះ ដែរ ក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បាន ឯកភាពគ្នាថានឹងបង្កើតជាសមាគមក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ដែលការបង្កើតជាសមាគមមួយនេះឡើង គឺមានសារសំខាន់ខ្លាំងណាស់ ព្រោះបើយើងត្រូវនិយាយអំពីសេវាកម្មធ្វើដំណើរ គឺយើងត្រូវតែនិយាយជាមួយ
សមាគមមួយនេះ៕