ក្រសួងបរិស្ថានព្រមានចាត់វិធានការច្បាប់លើអ្នកលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាស

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានស្នើឲ្យម្ចាស់អាជីវកម្ម ដែលលក់វត្ថុអនុស្សាវរីយ៍ ហើ យ សង្ស័យថាមានលក់គ្រឿងចម្លាក់ធ្វើអំពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មទាក់ទងនឹងរូបភាពផ្សេងទៀត ពាក់ព័ន្ធនឹងសត្វព្រៃ ឲ្យបញ្ឈប់ជាបន្ទាន់។ ការលក់ដូរគឺខុសនឹងច្បាប់ព្រៃឈើត្រង់មាត្រា ៩៧ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា៥៩ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានព្រមានថា ម្ចាស់អាជីវកម្មដ្ឋានដែលលក់វត្ថុអនុស្សាវរីយ៍ នឹងប្រឈមចំណាត់ការផ្លូវច្បាប់ ប្រសិនបើមានលាក់ទុក ឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាស។ អ្នកនាំពាក្យ ព្រមានថា ប្រសិនបើម្ចាស់អាជីវកម្មដ្ឋាន មានលាក់ទុកឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាស នេះ សូមប្រគល់ជូនដល់សមត្ថកិច្ច ហើយ បើប្រសិនបើសមត្ថកិច្ចរកឃើញនិងចាប់បាននឹងចាត់វិធានការចំពោះជនល្មើសតាមច្បាប់ជាចាំបាច់»។ ជាជំហានដំបូង ក្រសួងបរិស្ថានបានជូនដំណឹងរួចហើយដល់ម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ៣២ កន្លែងនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុថា ការធ្វើពាណិជ្ជកម្មគ្រប់រូបភាពលើភ្លុកដំរី និងកុយរមាសគឺជាអំពើខុសច្បាប់។ ជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានពាក់ព័ន្ធនឹងការលក់វត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធសត្វព្រៃនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត។

តាមរបាយការណ៍អង្កេតស្រាវជ្រាវយ៉ាងដិតដល់ របស់កម្លាំងមានសមត្ថកិច្ចនាពេលថ្មីៗនេះ បានបង្ហាញថា ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនមានលក់គ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសដែលច្បាប់ហាមឃាត់។ ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូលនិងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើគឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្មដូចមានចែងនៅក្នុង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ឃាត់ភ្លុកដំរី កុយរមាស និងគ្រឿងចម្លាក់ពីភ្លុកដំរី កុយរមាសដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅប្រទេសជាច្រើនករណី។ ចាប់ពីឆ្នាំ២០១៦ រហូតមកទល់នឹងចុងឆ្នាំ២០១៨ ភ្លុកដំរី និងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង៥ តោន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប។ ក្រៅពីនោះក៏មានស្រកាពង្រូល និងឆ្អឹងសត្វព្រៃផ្សេងទៀតដែលត្រូវបានអាជ្ញាធរបង្ក្រាបបានផងដែរ។

បរទេស មួយចំនួនបានស្នើសុំឱ្យមានការដុតបំផ្លាញចោលនូវវត្ថុដ៏មានតម្លៃទាំងនេះ ប៉ុន្តែកាលពីខែ កុម្ភៈ ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យសមត្ថកិច្ចត្រូវរក្សាទុកនូវភ្លុកដំរី កុយរមាស និងសំណាកសត្វកម្រដទៃទៀតដែលកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបានរក្សាទុកដើម្បីដាក់តាំងពិព័រណ៌សម្រាប់សាធារណជនទស្សនា និងសម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ ព្រោះនេះគឺជារបស់កម្រហើយវាជារបស់ដែលវាជិតដាច់ពូជទៀតផង។ បច្ចុប្បន្ន ភ្លុកដំរី និងកុយរមាស រួមនឹងសំណាកសត្វកម្រផ្សេងទៀតត្រូវបានរក្សាទុកនៅកន្លែងដ៏មានសុវត្ថិភាពបំផុត៕