មីយ៉ាន់ម៉ាជំទាស់ដាច់អហង្កាក្នុងកិច្ចប្រជុំអាយប៉ា ចំពោះការលើកឡើងបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា

ភ្នំពេញ ៖ ឥណ្ឌូនេស៊ី បានប៉ុនប៉ងលើកឡើងជាថ្មីម្តងទៀតនូវបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុង មហាសន្និបាតប្រចាំឆ្នាំលើកទី៤០ របស់អង្គការអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ តែត្រូវបានជំទាស់យ៉ាងដាច់អហង្កាពីប្រធានគណៈ ប្រតិភូប្រទេសមីយ៉ាន់ម៉ាដែលជាសមាជិកមួយរបស់អាយប៉ានេះ ហើយទីបំផុតក៏មានការសម្របសម្រួលមួយពីខាង ភាគីសភាថៃ ដែលជាប្រធានអាយប៉ាកុំឱ្យលើកយកបញ្ហាមួយនេះធ្វើជារបៀបវារៈនៃកិច្ចពិភាក្សា ដើម្បីចៀសវាងការ បែកបាក់នៅក្នុងគ្រួសាររបស់អាយប៉ា។

នេះជាការថ្លែងប្រាប់អ្នកសារព័ត៍មានដោយឯកឧត្តម ឈាង វុន សមាជិករដ្ឋសភាកម្ពុជាដែលបានអម ដំណើរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវអញ្ជើញទៅចូលរួមមហាសន្និបាត របស់អាយប៉ា ដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញនាព្រឹកថ្ងៃទី៣០ សីហានេះ។

សូមជម្រាបជូនថា៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ ដែលសភាថៃធ្វើជាម្ចាស់ផ្ទះ បានបិទ បញ្ចប់ទៅ ក្រោមការឯកភាពគ្នាក្នុងការធ្វើឲ្យល្អប្រសើរឡើងលើកិច្ចសហប្រតិបត្តិការក្នុងបរិបទបដិវត្តឧស្សាហកម្ម.ទី៤ ការគំាទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ការលើកកម្ពស់ការផ្តល់សេវាសង្គមដល់មនុស្សចាស់ និងការ ពង្រឹងសុវត្ថិភាពវិស័យទេសចរណ៍ ហើយក្នុងពិធីបិទមហាសន្និបាតនេះ លោក ឈួន លីផៃ ប្រធានសភា ប្រទេសថៃ និងជាប្រធានអាយប៉ាលើកទី៤០ បានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលតំបន់ និងពិភពលោកមាន ការប្រឈមដូចពេលបច្ចុប្បន្ននេះ សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ជាកត្តាសំខាន់ក្នុងការស្វែងរកសេចក្តីសុខ និងការអភិវឌ្ឍជូនពលរដ្ឋពីសំណាក់តំណាងរបស់ពួកគេ៕