ការផលិត និងការចរាចរណ៍ផលិតផលក្លែងក្លាយនៅកម្ពុជា កំពុងរីករាលដាលស្ទើរគ្រប់កន្លែង

ភ្នំពេញ ការផលិត និងការចរាចរណ៍ផលិតផលក្លែងក្លាយ កំពុងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃស្ទើរគ្រប់ទីកន្លែង
នាពេលបច្ចុប្បន្ននេះ និងត្រូវបានពិភពលោកចាត់ទុកជាបទល្មើសដែលមានអង្គការចាត់តាំង និងជាបទល្មើសឆ្លង ដែន ហើយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ ដែលដាច់ខាត ត្រូវតែធ្វើការទប់ស្កាត់យ៉ាងសកម្មបំផុតចំពោះរាល់បទល្មើសទាំងអស់ ដើម្បីចូលរួមលើកកម្ពស់ដល់សុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋយើងឱ្យប្រសើរឡើងមួយកម្រិតទៀត។

នេះជាការបញ្ជាក់របស់ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការដែលបានកែសម្រួលថ្មី នៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី៣០ សីហានេះ ដោយក្នុងឱកាសនេះដែរ លោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំនានា ដែលគណៈកម្មាធិការសម្រេចក្នុងរយៈកាលកន្លងមក ដោយបានបង្ក្រាប និងរឹបអូសបានផលិតផលក្លែងក្លាយជាច្រើនប្រភេទរាប់រយតោនយកទៅធ្វើការបំផ្លាញចោល និងបានបញ្ជូនខ្លួនជន សង្ស័យទៅតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារបានមួយចំនួនផងដែរ ដែលទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើន។

ទាក់ទងទៅនឹងការប្រកាសសមាសភាពគណៈកម្មាធិការដែលបានកែសម្រួលថ្មីនាពេលនេះ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ថា កន្លងមកគណៈកម្មាធិការបានធ្វើការកែសម្រួលសមាសភាពរបស់ខ្លួនចំនួន ៣ លើករួចមកហើយ ដែលការកែសម្រួលនេះ គឺដើម្បីបំពេញបន្ថែមឱ្យបានពេញលេញនូវសមាសភាពពីគ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តបេសកកម្មប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណចំពោះសហការីរបស់គណៈកម្មា ធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលក្នុងរយៈកាលកន្លងមកបានខិតខំពុះពារជាខ្លាំងមួយក្រោមឆ័ត្ររបស់គណៈកម្មាធិការឆ្លងកាត់ក្នុងដំណាក់កាលមួយដែលអាចនិយាយបានថា មិនជាស្រួលពេកទេ។ ប៉ុន្តែទោះជា ជួបការលំបាកយ៉ាងណាក៏ដោយ ក៏ការខិតខំរបស់យើងទាំអស់គ្នាពិតជាជម្នះបាននូវឧបសគ្គទាំងអស់នោះ ហើយ ថែមទាំងធ្វើឲ្យមហាជនទាំងជាតិ និងអន្តរជាតិមួយចំនួនធំ សុទ្ធតែបានមើលឃើញអំពីសារសំខាន់ចំពោះវត្តមាន
របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៕